(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដល់មន្រ្តីជាន់ខ្ពស់របស់ខ្លួន ឈ្មោះ លី ពឿង មានតួនាទីប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលបានជេរប្រមាថគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ បំផុតដល់ថ្នាក់ដឹកនាំកំពូលគណបក្សដឹកនាំប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា «គណបក្សសង្គ្រោះជាតិ មិនទទួលខុសត្រូវចំពោះសកម្មភាព ឬទង្វើរបស់បុគ្គលណា ដេលបានប្រព្រឹត្តផ្ទុយពីច្បាប់ និងគោលការណ៍ ឬសេចក្តីណែនាំរបស់គណបក្សឡើយ ហើយបុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះទង្វើដែលបានធ្វើនោះ»។
ការចេញសេចក្តីថ្លែងការណ៍របស់ CNRP នៅថ្ងៃនេះធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញលិខិតថ្កោលទោសយ៉ាងខ្លាំងចំពោះ ប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំក្រុងលីយ៉ុង ប្រទេសបារាំង លោក លី ពឿង ដែលបានជេរប្រមាថជាសាធារណៈ បែបវិកលចរឹត ចោទប្រកាន់ដ៏ខ្មៅងងឹតចំពោះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបកុ្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់ដ៏ខ្មៅងងឹតនេះ ធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា និងសេចក្តីថ្លៃថ្នូរបស់ក្រុមគ្រួសារ សម្តៅញុះញង់ឱ្យមានការរើសអើង ស្ពប់ខ្ពើមរវាងខ្មែរនិងខ្មែរ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្កភាពបែកបាក់សង្គម ដែលគំរាមកំហែងដល់សន្តិភាពនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក លី ពឿង បានធ្វើការអំពាវនាវ នៅទីខេត្តលីយ៉ុង ប្រទេសបារាំង ដោយបានប្រើប្រាស់ពាក្យអសុរសគ្រប់ម៉ាត់ និងគ្មានមូលដ្ឋានដូចជាការប្រើពាក្យ របបតិរច្ឆាន សត្វតិរិច្ឆាន ជនពាល ល្ងង់ខ្លៅ អាយ៉ងវៀតណាម បំផ្លិចបំផ្លាញជាតិ សម្លាប់ប្រជាជនខ្មែរសាហាវជាងរបបខ្មែរក្រហម លួចសន្លឹកឆ្នោត ប្លន់ប្រជាជន សំឡុតបាញ់ប្រហារ និងភ្នែកខ្វាក់មួយចំហៀងជាដើម។
គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់សមត្ថកិច្ច ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីស៊ើបអង្កេតលើករណីនេះ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕