(កំពង់ស្ពឺ)៖ ក្រុមយុវជនស្ម័គ្រចិត្តជិះកង់ដើម្បីរៃអង្គាសថវិកា តាមបណ្តាគ្រឹះស្ថានរបស់រដ្ឋ និងឯកជន អាជីវករ សិប្បករ និងប្រជាពលរដ្ឋ សម្រាប់ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមចំណែកជួយព្យាបាលកុមារតូចៗ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានចូលដល់ទីរួមខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ ចាប់ផ្តើមធ្វើក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ និងចូលរួមផ្ទាល់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយមន្ត្រីរាជការ ក្រុមយុវជនសភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស អាជ្ញាធគ្រប់លំដាប់ថ្នាក់។
មន្រ្តីក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ព្រឹត្តិការណ៍ជិះដើម្បីរៃអង្គាសថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានេះ គឺចាប់ផ្តើមចេញដំណើរពីសាលាខេត្ត ឆ្ពោះតាមមន្ទីរជុំវិញខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ផ្សារកំពង់ស្ពឺ បញ្ជាការដ្ឋានអាវុធហត្ថខេត្ត ផ្នែកឯកជននានា។ ព្រឹត្តិការណ៍ជិះកង់ប្រមូលថវិកា ក្នុងខេត្តកំពង់ស្ពឺ ក្រុមយុវជនជិះកង់ VIP របស់ខេត្តកំពង់ស្ពឺ បានចូលរួមជាមួយថ្នាក់ដឹកនាំយ៉ាងច្រើនកុះករ ដោយចំណាយពេលវេលាចូលរួម មិនគិតពីការនឿយហត់ឡើយ។
លោកស្រី ហ៊ុន ស៊ីណាត បានថ្លែងថា «ព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកា សម្រាប់ចូលរួមមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា គឺដើម្បីជួយសង្គ្រោះ និងព្យាបាលដល់កុមារកម្ពុជា គឺមានតម្លៃសម្រាប់កុមារកម្ពុជាគ្រប់រូប ចំពោះព្រឹត្តិការណ៍បានធ្វើឡើងទូទាំង២៥រាជធានី-ខេត្ត»។
លោក វ៉ី សំណាង បាននិយាយថា «ការបង្កើតឲ្យមានព្រឹត្តិការណ៍បែបនេះ ពិតជាមានសារសំខាន់ណាស់ និងមានគាំទ្រគ្រប់មជ្ឈដ្ឋាន ហើយសម្រាប់ខេត្តកំពង់ស្ពឺ គ្រប់អង្គភាពមន្ទីរជុំវិញខេត្ត ស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង តាមរោងចក្រ សហគ្រាឯកជន ក្រុមអាជីវការ សិប្បករ ពាណិជ្ជករ សេវាករ រួមទាំងសម្បុរសជន ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន តាមលទ្ធភាព ដើម្បីមនុស្សធម៌សម្រាប់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផានេះ ក្នុងការរួមចំណែកជួយសង្គ្រោះអាយុជីវិត និងព្យាបាលជំងឺដល់កុមារកម្ពុជាទូទៅ គ្មានការរើសអើងនោះឡើយ»៕