(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសដាក់អនុសាសន៍ ជំរុញដល់ការរៀបចំ «ក្លឹបអ្នកវិនិយោគក្នុងវិស័យទេសចរណ៍» ឲ្យបានឆាប់ ដើម្បីប្រមូលផ្តុំធុរជនក្នុងវិស័យទេសចរណ៍សំដៅបំផុសចលនាគាំពារ និងអភិរក្សបរិស្ថាន និងសង្គមនៅកម្ពុជា។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ ត្រូវបានលើកឡើងក្នុងពិធីបិទវេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី១ ដែលប្រារព្ធឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

យោងសេចក្តីជូនដំណឹងរបស់ រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យបង្កើត «ក្លឹបវិនិយោគក្នុងវិស័យទេសចរណ៍» លោករដ្ឋមន្រ្តី បានអនុសាសន៍ឲ្យពន្លឿនការរៀបចំ ក្លឹបអ្នកវិនិយោគក្នុងវិស័យទេសចរណ៍នេះឱ្យបានឆាប់ ដើម្បីប្រមូលផ្តុំធុរជននៅក្នុងវិស័យទេសចរណ៍ ពិសេស ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ឱ្យចូលរួមដល់កិច្ចការគាំពារ និងអភិរក្សបរិស្ថាន និងសង្គមនៅកម្ពុជា។

ប្រមុខក្រសួងទេសចរណ៍ បានស្នើឱ្យបង្កើតហិរញ្ញប្បទានបៃតង ដើម្បីដោះដូរបទពិសោធន៍ និងស្វែងរកទុនវិនិយោគសម្រាប់វិស័យទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ (PPP)។

លោកបានប្រកាសឲ្យរៀបចំ វេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ជារៀងរាល់ឆ្នាំ ឱ្យមានលក្ខណៈជាអចិន្ត្រៃយ៍ ដើម្បីបានជាយន្តការសម្រាប់ ការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ល្អៗ និងទស្សនទានបៃតង ជុំវិញការអភិវឌ្ឍធុរកិច្ចបៃតង​ក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្រ្តីបានស្នើឱ្យក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់រាជធានី-ខេត្ត ចូលរួមបង្កើនការផ្សព្វផ្សាយអំពីស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងស្តង់ដាទីក្រុងស្អាត ទៅដល់មូលដ្ឋានពិសេសជួយផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងផ្នែកឯកជន។

ភាគីពាក់ព័ន្ធទាំងអស់ ត្រូវលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ និងការចូលរួមឱ្យកាន់តែសកម្មបន្ថែម ពីផ្នែកឯកជន ក្នុងចលនាប្រឡងប្រណាំងធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី៣ ដែលជាយន្តការដ៏ចាំបាច់ ក្នុងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ដើម្បីទទួលស្វាគមន៍កំណើនភ្ញៀវទេសចរអន្តរជាតិ ជាបន្តបន្ទាប់។  

លោករដ្ឋមន្រ្តី ថោង ខុន បានស្នើឱ្យមានការសិក្សាអំពីយន្តការចតុភាគី រវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងអ្នកផ្គត់ផ្គង់បៃតង ដើម្បីពិនិត្យលទ្ធភាពការផ្តល់ហិរញ្ញប្បទានបៃតង។

លោកក៏បានលើកទឹកចិត្តដល់ក្រុង/ខណ្ឌ និងច្រកទ្វារអន្តរជាតិទាំងអស់ ដែលជាប់ជាជ័យលាភី ក្នុងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ លើកទី១ បន្តខិតខំកែលម្អការផ្តល់សេវាសាធារណៈ នៅតាមមូលដ្ឋានរដ្ឋបាលរបស់ខ្លួន ឱ្យបានកាន់តែខ្លាំងក្លា ដើម្បីឈានឆ្ពោះទៅទទួលបានជ័យលាភីកម្រិតកាន់តែខ្ពស់ នៅក្នុងការប្រឡងប្រណាំងលើកទី២។

សូមជម្រាបថា ក្នុង​ឱកាសបិទវេទិកាជាតិ ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី១ នាថ្ងៃនេះដែរ ក៏មានពិធីចែកជ័យលាភីរង្វាន់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ ដែលចេញដោយក្រសួងទេសចរណ៍, ពិធីចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួម ស្ដីពី ការគាំទ្រការប្រើប្រាស់ផលិតផលខ្មែរ ក្នុងឧស្សាហកម្មទេសចរណ៍, ពិធីចុះហត្ថលេខា លើអនុស្សរណៈ រវាងក្រសួងទេសចរណ៍ ជាមួយសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក, ពិធីចុះហត្ថលេខា លើអនុស្សរណៈ រវាងក្រសួងទេសចរណ៍ ជាមួយ IFC លើគម្រោង Green financing in tourism  និងពិធីចុះហត្ថលេខា លើអនុស្សរណៈ រវាងក្រសួងទេសចរណ៍ ជាមួយអង្គការ SWISSCONTACT លើគម្រោង Tourism Destination Mekong Program (TDM-P) ផងដែរ៕