(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកាប្រមាណ៣០ពាន់លានរៀល (ប្រហាក់ប្រហែលនឹង៧លានដុល្លារ) ដើម្បីឧបត្ថម្ភជូនដល់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០១៧ ខាងមុខនេះក្នុងម្នាក់៥ម៉ឺនរៀល។ នេះបើតាមការ ប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងពិធីសម្ពោធអគារសិក្សា និងទីចាត់ការសរុប២១បន្ទប់ នៅវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ បានថ្លែងថា នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភថវិកា៥ម៉ឺនរៀល ក្នុងម្នាក់ៗសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់ទូទាំងប្រទេស ខណៈកាលពីឆ្នាំមុនតែ​៤ម៉ឺនរៀល​នោះទេ។ សម្តេចបានថ្លែងនេះមិនមែនជាការ សន្យានោះទេ ប៉ុន្តែការផ្តល់ជូនជាក់ស្តែង ដូចដែល រាជរដ្ឋាភិបាលបានធ្វើជា​រៀងរាល់ឆ្នាំកន្លងមក ទៅតាមលទ្ធភាពដើម្បីលើកទឹកចិត្តដល់មន្រ្តីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើទោះបីរាជរដ្ឋាភិបាលប្រឹងដំឡើងប្រាក់បៀវត្សរ៍ និងកាត់បន្ថយតម្លៃអគ្គិសនីក្តី នៅពេលបន្តិចទៀត នឹងមាន អ្នកមកដេញថ្លៃ និងសន្យាថា ប្រាក់ខែគ្រូសន្យាដំឡើងដល់៣លានរៀល តម្លៃភ្លើងបញ្ចុះ១គីឡូវ៉ាត់​ដល់ ២០០រៀល ចាស់ៗនឹងផ្តល់ប្រាក់ឧបត្ថម្ភ ប្រមាណ ៤ ឬ ៥ម៉ឺនរៀល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វី ដែលកំពុងមានកុំជ្រើស យកការសន្យាខ្យល់របស់ជនឱកាសនិយមទាំងនោះ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖