(កំពង់ចាម)៖ មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីសម្ពោធអគារសិក្សា និងទីចាត់ការសរុប២១បន្ទប់ នៅវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក ស្ថិតនៅក្នុងសង្កាត់ បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការរំពឹងយ៉ាងពេញមាត់ថា «វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក» នឹងក្លាយជាកន្លែងបណ្តុះបណ្តាលដ៏សំខាន់សម្រាប់ កូនចៅប្រជាពលរដ្ឋខេត្តកំពង់ចាម។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភឲ្យលោកគ្រូ អ្នកគ្រូពេទ្យ និងនិស្សិតពេទ្យ ក្នុងខេត្តកំពង់ចាម រួមទាំងគ្រូបង្រៀន នៅសាលាមួយចំនួនទៀត ក្នុងខេត្តកំពង់ចាម ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីសាងសង់សាលារៀន សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យកងវិស្វកម្មរបស់សម្តេច ជួសជុល និងរៀបចំតារាងបាល់ទាត់ នៅក្នុងក្រុងកំពង់ចាមឲ្យបានស្អាតផងដែរ។ សម្តេចនាយករដ្ឋមន្រ្តីថា ថវិកាសាងសង់ជាបន្ទុករបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យធ្វើតារាងបាល់ទាត់ក្នុងខេត្តកំពង់ចាម ទៅជាកន្លែងបាល់ ទាត់ភូមិភាគ១។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «លោកនាយក អ្នកគ្រូ លោកគ្រូ បានស្នើសុំឲ្យមានការជួសជុល ពិដានចាស់ ហើយក៏សុំ Computer ២០គ្រឿង សម្របា់បង្រៀនដល់សិស្សានុសិស្ស និងសុំម៉ាស៊ីនដេរចំនួន ៥០គ្រឿង ប៉ុន្តែ ថ្ងៃនេះ ខ្ញុំបាននាំមកនូវសម្រាប់ ការធ្វើការរបស់សាលាមាន Computer ១០គ្រឿង Printer ៥គ្រឿង និងម៉ាស៊ីនថតចំលង ១គ្រឿង ហើយសម្រាប់ការសិក្សារបស់សិស្ស Computer ២០គ្រឿង និងម៉ាស៊ីនកាត់ដេរ១០គ្រឿង សុំជូនតាមសំណូមពរ»។
នៅក្នុងកម្មវិធីដដែលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឲ្យដឹងទាក់ទងនឹងតារាងបាល់ទាត់ នៅទីរួមខេត្តកំពង់ចាម ផងដែរ។ សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «និយាយរឿងអាតារាងបាល់នេះ មកពីចាហ្វាយខេត្តអត់ចេះទាត់បាល់ អាលូវមិនបាច់ចាំអ្នកណាគេធ្វើទេ វិស្វកម្មតេជោ ចូលធ្វើភ្លាម ទាត់បាល់នៅកំពង់ចាម ពីព្រោះចុះមកមិញ សូម្បីស្បែកជើងខ្ញុំក៏ប្រឡាក់ដែរ ខេត្តនេះ មិនគួរជាខេត្តអន់ដល់ម្លឹង ខេត្តល្បីល្បាញ ហើយជាខេត្តស្រុកកំណើតនាយករដ្ឋមន្រ្តីទៀត ចុះមកយ៉ាប់ម៉ាដោយ យ៉ាប់អន់ជាងស្វាយរៀង អាលូវធ្វើតារាងបាល់ឲ្យស្អាត ដាក់ភ្លើង ដាក់អីទៅ ឲ្យវិស្វកម្មតេជោធ្វើតែម៉ង់កុំឲ្យច្រលំ។ធ្វើម៉េចធ្វើទៅឲ្យកំពង់ចាម ក្លាយជាកន្លែងទាត់បាល់ភូមិភាគ១ ឲ្យស្កឹមស្កៃម្តងមើល»។
ជាមួយគ្នានោះដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យយុវជន នៅខេត្តកំពង់ចាមទាំងអស់ ចូលរួមលេងបាល់ទាត់ឲ្យបានគ្រប់ៗគ្នា ជៀសវាងយកពេលវេលាទៅសេពគ្រឿងញៀន។ សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «លេងកីឡា ក្មួយ ចៅៗ លេងកីឡា កុំប្រព្រឹត្តគ្រឿងញៀន កុំដើរលេងផ្តេសផ្តាស នៅក្នុងនេះមានបាល់ទាត់ បាល់បោះ បាល់ទះ និងបាល់ទាត់ទៅលេងខាងក្រៅ នាំគ្នាលេងអាហ្នឹង ប៉ុន្តែនៅតាមស្រុកតាមអី គឺគេមានតារាងគួរសម អាលូវតេជោ ចូលធ្វើហើយ កុំឲ្យច្រឡំជាមួយគេ»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖