(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែកុម្ភៈ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដូចនេះក្នុងនាយើងជាអ្នកអនុវត្តច្បាប់ ត្រូវតែរិះរកគ្រប់វិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍ មានការធ្លាក់ចុះមកនៅកម្រិតទាប ហើយបើយើងធ្វើបាននោះការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏មានកម្រិតទាបផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានស្នើឲ្យប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់គ្នា ក្នុងពេលធ្វើដំណើរតាមម៉ូតូ ពិសេសប្រជាពលរដ្ឋនៅតាមជនបទ ការពាក់មួកសុវត្ថិភាពនៅ មានកម្រិតនៅឡើយ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឲ្យនគរបាលចរាចរណ៍ ត្រូវត្រួតពិនិត្យបច្ចេកទេស និងអប់រំពីច្បាប់ចរាចរណ៍ ឲ្យបានញឹកញាប់ ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ជូន។ ជាមួយគ្នានោះ ត្រូវបង្កើនការត្រួតពិនិត្យល្បឿន ព្រោះបញ្ហាល្បឿននេះ វានៅតែជាកត្តាងាយបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខែកុម្ភៈ ឆ្នាំ២០១៧នេះ (រយៈពេល២៦ថ្ងៃ) បានកើតឡើងចំនួន ២៥៥លើក បណ្តាលឲ្យស្លាប់១២៥នាក់ និងរបួស៣៨៣នាក់ ភាគច្រើននៅរាជធានីភ្នំពេញមានចំនួន៣៤លើក ខេត្តពោធិ៍សាត់ ចំនួន២៦លើក និងខេត្តបន្ទាយមានជ័យចំនួន២០លើក។ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៤.៨នាក់ និងរបួសចំនួន ១៤.៧នាក់។ មូលហេតុ ការបើកបរលើសល្បឿនកំណត់ ៣៤% មិនគោរពសិទ្ធិអាទិភាព ១៧% បត់ ៩% មិនប្រកាន់ស្តាំ ១៥% ស្រវឹង ១២% វ៉ាជែង ១០% កត្តាយានយន្ត ៤% ងងុយ ១% និងកត្តាផ្លូវ ១%។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍បើប្រៀបធៀបរយៈពេលដូចគ្នានៃខែមករា (ខែមុន) ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះចំនួន៤៤លើក ស្មើ១៥% ស្លាប់ថយចំនួន ២២នាក់ ស្មើ ១៥% និងអ្នករបួសថយចំនួន ៨៥នាក់ ស្មើ ២២%។ ប្រៀបធៀបរយៈពេលដូចគ្នានៃខែមករា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន ៦៧លើក ស្មើ២១% ស្លាប់ថយ៣២នាក់ ស្មើ ២០% និងរបួសថយចំនួន១២៣នាក់ ស្មើ៣២%។
ក្នុងចំណោមអ្នកស្លាប់ចំនួន១២៥នាក់ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧នេះ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន១០៣នាក់ ស្មើ៨២% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ៨៣នាក់ ស្មើ៨១%៕