(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចែកសៀវភៅអប់រំ «ក្រុមង៉ុយ» ១៥ម៉ឺនក្បាល នៅតាមសាលារៀន ទូទាំងប្រទេសនៅប៉ុន្មានថ្ងៃខាងមុននេះ ហើយសម្តេចតេជោ បានបញ្ជាក់ថា ការចែកសៀវភៅនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួមគ្នាអាន ខណៈសម្តេចមានសៀវភៅនេះចំនួនពីរក្បាល សម្រាប់អានផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅក្នុងកម្មវិធីសម្ពោធអគារសិក្សា និងទីចាត់ការសរុប២១បន្ទប់ នៅវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការចែក ជូនការប្រៀបប្រដៅ របស់ក្រុមង៉ុយ ទៅតាមបណ្តាវិទ្យាល័យនៅទូទាំងប្រទេស ដែលខ្ញុំករុណាខ្ញុំដាក់ចូលរោងពុម្ព តែគ្របវាមិនសូវល្អ ម្សិលមិញចូលរោងពុម្ពហើយ ចឹងទេ គឺ១៥០០០ច្បាប់ នឹងបន្តចែកចាយ តែសូមឲ្យក្មួយ សិស្សានុសិស្ស សូម្បីតែលោកគ្រូ អ្នកគ្រូ ក៏គួរតែអានដែរ ខ្ញុំមានខ្លួនឯង២ទៅ៣ច្បាប់ ទុកជាប់នៅ ក្បាលដំណេកហ្នឹង ត្រូវការមើល មើលភ្លាម មិនចាំបាច់វាយ Internet អីទេ ពីព្រោះវាជាច្បាប់អប់រំ»។
បន្ថែមពីលើនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបំផុសឲ្យមានការផលិត និងប្រើប្រាស់ឡើងវិញនូវសាស្រ្តាស្លឹករឹតដើម្បីកុំឲ្យខ្មែរបាត់បង់នូវទំនៀបទម្លាប់ របស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រប់ទីអារាមដែលមានសាស្រ្តាស្លឹករឹត គួរត្រូវបានថែទាំ។ សម្តេចតេជោថា ត្រូវតែប្រឹងប្រែងថែទាំងនូវអ្វី ដែលជាមរតកជាតិ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖