(ភ្នំពេញ)៖ គេនៅចាំបានថា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៥កន្លងទៅប្រមាណ១ឆ្នាំជាងហើយ ហោរាដ៏ល្បីល្បាញរបស់ថៃ បានទស្សន៍ទាយ តាមរយៈសារព័ត៌មានរបស់ថៃឈ្មោះ ម៉ះតិឈុន ដោយទាយថា គណបក្សសង្គ្រោះជាតិ «នឹងជួបគ្រោះធំ ដាំក្បាលចុះ»។
តាមរយៈការទស្សនទាយនេះ ត្រូវបានគេដឹងថា ពិតជាត្រូវជាមួយស្ថានភាពនយោបាយ របស់គណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយនេះ ពីព្រោះផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ កំពុងមានបញ្ហាខ្លាំងរហូតដល់លោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងប្រធានបក្ស ព្រមទាំងបញ្ហាបេក្ខភាព ឈរឈ្មោះបោះឆ្នោត ឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្តនានា ក៏កំពុងជួបប្រទះបញ្ហាបាត់ម្ចាស់ការរង្គោះរង្គើខ្លាំង ដែលនេះហាក់ដូចជា ទៅនឹងអ្វីដែលហោរា ទាយថា គណបក្សសង្គ្រោះជាតិ «នឹងជួបគ្រោះធំ ដាំក្បាលចុះ»។
កាសែតថៃ ម៉ះតិឈុនដ៏ធំមួយរបស់ប្រទេសថៃ ដកស្រង់យកមកចុះផ្សាយ កាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកនយោបាយរបស់ប្រទេសថៃ និងកម្ពុជា ព្រោះតែគេស្គាល់ពីភាពល្បីល្បាញ របស់ហោរារូបនោះថា ទាយឆុតរហូតដល់ គេដាក់រហ័សនាមថា «ហោរាមាត់ទិព្វ» ទៀតផង។
កាសែតនេះបានសរសេរដោយដកស្រង់សំដី គ្រូទាយល្បីរបស់ប្រទេសថៃឈ្មោះ ភិនយ៉ូចារ៉ឺនថា គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសភាពដួលដាំក្បាលចុះ និងដាច់សរសៃជើងមួយចំនួន ព្រោះតែទទួលរងនូវផលកម្មរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមកហើយ ដូចជាការបំពាន ពាក្យសម្បថ ការបំពានពាក្យសន្យា ការបោកប្រាស់ទឹកចិត្តអ្នកគាំទ្រ (លុយទូរទស្សន៍ព្រះអាទិត្យ)។ល។
គ្រូទាយដ៏ល្បីរូបនោះបាននិយាយបន្តថា ពេលវេលានេះអាក្រក់បំផុតសំរាប់គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ដូចអ្នកលេងអុកអញ្ចឹងគឺ «អស់ផ្លូវ អស់ក្រឡាដើរ ទាល់ច្រក» ហើយមានតែវិធីម្យ៉ាងគត់គឺបោះទូក បោះសេះ ឲ្យសត្រូវស៊ីដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ល៕