(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្រ្តីគយ ច្រកទ្វារអូរយ៉ាវ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសហការគ្នា ត្រួតពិនិត្យបន្លែសាច់ និងផ្លែឈើ ដែលនាំចូលតាមច្រកព្រំដែនអូរយ៉ាដាវ ដើម្បីស្វែងរកសារធាតុគីមី។
មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានឲ្យដឹងថា ក្រុមការងារជំនាញបានសហការជាមួយមន្រ្តីគយ ដើម្បីត្រួតពិនិត្យរកទំនិញម្ហូបអាហារ បន្លែ ផ្លែឈើ ដែលចូលពីប្រទេសជិតខាង ក្រែងមានសារធាតុគីមីហាមឃាត់ តែជាលទ្ធផល គឺរកមិនឃើញសារធាតុគីមីនោះទេ។
មន្រ្តីកាំកុងត្រូលបានថ្លែងបន្តថា ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណី អាហារ និងសុខភាពប្រជាពលរដ្ឋនោះ មន្រ្តីជំនាញកាំកុងត្រូល នឹងបន្តយុទ្ធនាការនេះ ជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះមន្រ្តីជំនាញកាំកុងត្រូលក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករ សូមកុំយកបន្លែផ្លែឈើ និងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទយកមកលក់បន្តទៀត។
មន្រ្តីកាំកុងត្រូលខេត្តរនគិរី បានបន្ថែមថា ការធ្វើរបៀបនេះក៏មានការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ឲ្យបណ្តាសាខាកាំក្រុងត្រូលនៅទូទាំងប្រទេសទាំងអស់ត្រូវតែបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលនាំចូលតាមមាត់ច្រកព្រំដែន និង បន្តអង្កេតទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕