(កំពង់ធំ)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សាររំលង ស្ថិតនៅភូមិរំចេក ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាលទ្ធផល រកទឹកភេសជ្ជៈ មួយចំនួនខូចគុណភាព និងសរសៃគុយទាវកាត់ មានសារធាតុបូរ៉ាក់។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា «ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ មកពិនិត្យទំនិញនៅក្នុងផ្សាររំលង ហើយបានរកឃើញផលិតផលមួយចំនួន ខូចគុណភាព ដូចជា៖ ចាហួយដូង ម៉ាក Thanh Binh ចំនួន១៤កញ្ចប់ ចាហួយដូង ម៉ាក Thanh Duaចំនួន១៩ដុំ ទឹកក្រូចម៉ាក Smile ចំណុះ៤០០ml ចំនួន១២ដប ផលិតនៅប្រទេសថៃ, ទឹកក្រូចចំណុះ៣៥០ ml ចំនួន៣២ដប ផលិតនៅប្រទេសថៃ, ទឹកក្រូចចំណុះ៥00ml ចំនួន២៤ដប ផលិតនៅប្រទេសថៃ, ទឹកក្រូចម៉ាកកូកាចំណុះ១,៥ ml ចំនួន៣៨ដប ផលិតនៅប្រទេសថៃ, ទឹកត្រីកំពតចំណុះ៧៥០ml ចំនួន៥ដប ផលិតនៅប្រទេសកម្ពុជា ទឹកស៊ីអ៊ីវ ចំនួន៦ដប, ជាមួយក្រុមការងារក៏បានធ្វើតេស្ត ទៅលើណែមសាច់ត្រី ជាលទ្ធផលរកមិនឃើញមានសារធាតុបូរ៉ាក់ទេ តែក្រុមការងារបានឃើញសរសៃគុយទាវ មានសារធាតុបូរ៉ាក់ ចំនួន១គីឡូក្រាមផងដែរ។ សមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតកម្ទេចចោលផងដែរ»។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមគ្នានោះក្រុមការងារ ក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ច សហការល្អ និងដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាល មកពីផលិតផល ខូចគុណភាព ដោយបានស្ម័គ្រប្រគល់ផលិតផលខូចគុណភាពទាំងនោះ ដល់ក្រុមការងារយក ទៅកំទេចចោល៕