(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់វាយខ្នោះ ក្រោយឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតបង្កហិង្សាក្នុងគ្រួសារ ហើយបានទាញដាវទៅកាប់ លើអ្នកជិតខាងដែលបានមកឃាត់ខ្លួន បណ្ដាលឲ្យរងរបួសហូឈាម។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បុរសជាប្ដីមានឈ្មោះហ៊ូ មករា អាយុ២៤ឆ្នាំ មុខរបរបិតតែមម៉ូតូ។ រីឯជនរងគ្រោះឈ្មោះផល្លា សេរី អាយុ១៩ឆ្មាំ មុខរបរសិស្ស។ ជនសង្ស័យ និងជនរងគ្រោះ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនបុរសជាប្ដីដែលបង្កហិង្សាឈ្លោះប្រកែកជាមួយភរិយា និងបានយកដាវកាប់ទៅលើអ្នកដ៏ទៃ ដែលមកឃាត់ខ្លួន បណ្ដាលឲ្យរងរបួសខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវ៩០៧ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីប្រពន្ធបានឈ្លោះប្រកែកគ្នា ជាមួយបុរសជាប្ដី បង្កទៅជាហិង្សានៅក្នុងគ្រួសារ ដោយជនរងគ្រោះឃើញយ៉ាងដូច្នេះ ក៏ចូលទៅជួយឃាត់ ស្រាប់តែប្រទាក់សំដីគ្នា លុះជនសង្ស័យ បានស្ទុះទៅទាញដាវ មកកាប់លើជនរងគ្រោះបណ្ដាលឲ្យ រងរបួសហូរឈាមត្រង់ក្បាលជង្គង់ខាងឆ្វេង និងត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ១៧៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះមកអន្តរាគមន៍ រហូតឈានទៅឃាត់ខ្លួន បុរសជាប្ដី ពាក់ព័ន្ធករណី
ហិង្សាក្នុងគ្រួសារ និងអ្នកដ៏ទៃ ដើម្បីយកមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តនិតិវិធី៕