(សេអ៊ូល)៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង​មួយរូប បានធ្វើដំណើរទៅដល់​ទីក្រុងប៉េកាំង​នៅថ្ងៃអង្គារនេះ ហើយដែលវាជា​ដំណើរទស្សនកិច្ច​លើកដំបូង គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៦ ធ្វើឡើង​នៅបន្ទាប់ពី​ចិនបានសម្រេចចិត្តផ្អាក​ការនាំចូលធ្យូងថ្មពីទីក្រុង​ព្យុងយ៉ាង នៅក្នុង​ក្របខ័ណ្ឌ​នៃការអនុវត្តន៍​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​ នៃក្រុមប្រឹក្សា​សន្តិសុខយូអិន។ នេះបើតាម​ទីភ្នាក់ងារ ​Kyodo​ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia ​នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម Kyodo​ អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង លោក រី គីលសុង (Ri Kil Song) បានធ្វើដំណើរ​ទៅដល់ទីក្រុង​ប៉េកាំង ខណៈគេ​ពុំទាន់ដឹង​នៅឡើយ ពីរបៀបវារៈ​នៃដំណើរ​ទស្សនកិច្ច​របស់លោក។ ក៏ប៉ុន្តែ​លោក រី ត្រូវបាន​គេរំពឹងថា នឹងជួប​ពិភាក្សា​ការងារ​ជាមួយមន្ត្រី​ជាន់ខ្ពស់ចិន ស្របពេល​ទំនាក់ទំនង​រវាង មហាមិត្ត​ទំាងពីរ​កំពុងជួបភាពតាន​តឹង ដោយសារតែ​ទីក្រុងប៉េកាំង​បានសម្រេច​ចិត្ត​ផ្អាកការ​នំាចូលធ្យូងថ្ម​ពីកូរ៉េខាងជើង ដែលបាន​ចាត់ទុកថា​ការសម្រេច​ចិត្ត បែបនេះ​បានបង្ហាញពី​ភាពមិន​ស្មោះត្រង់​របស់ចិន និងគ្រាន់តែ​ជា​ការធ្វើតាម​បង្គាប់បញ្ជា​ទីក្រុងវ៉ាស៊ីនតោន​តែប៉ុណ្ណោះ។ ដូច្នេះ​នៅក្នុង​ជំនួបជាមួយ​មន្ត្រីជាន់ ខ្ពស់ចិន លោក រី ទំនងជា​នឹងលើកយកបញ្ហានេះ​មកពិភាក្សា ក៏ដូចជាចង់​បញ្ជាក់ឱ្យច្បាស់​ពីគោលជំហរ របស់ទីក្រុង​ប៉េកាំង ចំពោះរបបដឹកនាំ​លោក គីម ជុងអ៊ុន។

គួររំលឹកថា​កាលពីសប្ដាហ៍មុន នៅក្នុង​បទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យចិន​ដាក់ទណ្ឌកម្មបន្ថែម​ប្រឆាំងនឹង​កូរ៉េខាងជើង ដោយលោក​ថែមទំាង​និយាយទៀតថា ចិនអាច​ដោះស្រាយបញ្ហា​កូរ៉េខាងជើង បានយ៉ាង​ងាយស្រួល បើសិនជា​ចិនចង់ធ្វើវា​មែននោះ។​ ទោះបីជាយ៉ាងណាទីក្រុងប៉េកាំង បានច្រាន​ចោល​ការដាក់សម្ពាធ​ពីលោក ត្រាំ ចំពោះតួនាទី​របស់ខ្លួន​នៅក្នុងសំណុំ​រឿង​កូរ៉េខាងជើង ដោយបញ្ជាក់ថា​បញ្ហាដែលកំពុង​កើតឡើង​គឺជាជម្លោះរវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក៕  ​