(ព្រះវិហារ)៖ មនុស្សប្រុសស្រីចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រះវិហារ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
លោកវរសេនីយ៍ត្រី គង់ គា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា ការណ៍ឃាត់ខ្លួនក្រុមញៀនល្បែងទាំង៩នាក់នេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកវរសេនីយ៍ត្រី គង់ គា បានបន្តថា ដោយទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ ពីទីតាំងខាងលើ កម្លាំងរបស់លោក បានចុះទៅបង្ក្រាបដោយឃាត់ខ្លួនបានក្រុមញៀនល្បែង ចំនួន៩នាក់ ព្រមទាំងម៉ូតូ៣គ្រឿង និងមេអាប៉ោង២ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ ក្រោយការសួរនាំរួចសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕