(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះពិនិត្យមើលទំនិញ បន្លែ ផ្លែឈើ ដែលអាជីវករនាំចូលពីប្រទេសថៃ តាមមាត់ច្រកទ្វារអន្តរជាតិចាំយាម មកចែកចាយក្នុងទីផ្សារ នៃខេត្តកោះកុង ក្រោមការដឹកនាំដោយលោក សម ចិត្រា អនុប្រធានសាខាកាំកុងត្រូលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ។
ការចុះពិនិត្យទៅលើបន្លែផ្លែឈើដែលអាជីវករនាំចូលប្រទេសថៃ តាមមាត់ច្រកទ្វារអន្តរជាតិចាំយាម លោក សម ចិន្រា បានបញ្ជាក់ឲ្យដឹងថា ការចុះប្រតិបត្តិការណ៍នេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្តិភាព លើផលិតផលទំនិញ និងសេវា និងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈគ្រប់គ្រង ហនិភ័យដែលចែកចេញជាពីទិដ្ឋភាព។
ទិដ្ឋភាពទី១- គឺការត្រួតពិនិត្យជាលក្ខណៈរូបវ័ន្ត បានន័យថា «យើងត្រួតពិនិត្យលក្ខណៈ ទូទៅខាងក្រៅរបស់សមិទ្ធផលម្ហូបអាហារ ទៅលើស្លាកសញ្ញា សំបកវេចខ្ចប់ការបរិច្ឆេត កំប៉ុងកំពិតប៉ោងរលួយ»។ ទិដ្ឋភាពទី២- «យើងត្រួតពិនិត្យគុណភាព និងភាពអនុលោម ដោយធ្វើការវិភាគជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ ដូចជា៖ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ»។
លោកបានបញ្ជាក់ទៀតថា ជាលទ្ធផលសាខាកាំកុងត្រូលបានចុះ ត្រួតទំនិញបន្លែផ្លែឈើ នៅតាមមាត់ច្រកទ្វារព្រំដែន កម្ពុជា-ថៃ ដែលអាជីវករនាំចូលមកធ្វើការចែកចាយនៅតាមទីផ្សារនោះ សាខាកាំកុងត្រូលយើងពុំបាន រកឃើញនូវផលិត ផលណាមួយ ដែលត្រូវបានគេលួចបន្លំដាក់ប្រើសារធាតុគីមីនោះឡើយ ហើយអាស្រ័យដោយយើង បានធ្វើការត្រួតពិនិត្យ ជាប្រចាំ និងជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ជាចុងក្រោយ លោក សម ចិត្រា ក៏បានអំពាវនាវឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមាន លក្ខណៈ អនុលោមភាពខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ចេទផលិត ដើម្បីចូលរួមចំណែក ការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងផ្នែកសុខុមាលភាពនិងសេដ្ឋកិច្ចផងដែរ៕