(រតនគិរី)៖ ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី២ ដែលប្រារព្វធ្វើឡើងនៅក្រុងបានលុង នាព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានស្នើឲ្យកងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែ ចាត់ទុកជនរងគ្រោះដោយគ្រោះអគ្គិភ័យជាបងប្អូនសាច់ញាតិរបស់ខ្លួន ដែលត្រូវតែប្រឹងប្រែងជួយពួកគាត់ឲ្យអស់ពី កម្លាំងកាយចិត្ត។
លោកអភិបាលខេត្តបានថ្លែងគូសបញ្ជាក់ថា ស្របពេលខេត្តរតនគិរី កំពុងរីកចម្រើនផ្នែកសំណង់ អគារ គ្រប់ប្រភេទជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានខិតខំពង្រឹងវិធានការមធ្យោបាយគ្រប់ប្រភេទក្នុងការបង្ការ និងទប់ស្កាត់ ពន្លត់អគ្គីភ័យ ធានារក្សាប្រយោជន៍ជូនសាធារណជនបានទាន់ពេលវេលា។
ដើម្បីឲ្យចំណាត់ការប្រតិបត្តិការពន្លត់អគ្គិភ័យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ លោក ថង សាវុន បានថ្លែងដាស់តឿនដល់កងកម្លាំងពន្លត់អគ្គិភ័យថា «កងកម្លាំងទាំងអស់ត្រូវចាត់ទុកថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យ គឺជាបងប្អូន សាច់ញាតិ របស់យើងគ្រប់គ្នា និងមិនត្រូវប្រកាន់បក្សនយោបាយឡើយ។ យើងត្រូវតែជួយអន្តរាគមន៍សង្រ្គោះពួកគាត់ឲ្យបានទាន់ពេលវេលា»។
លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យជំរុញការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានការចូលរួមទប់ស្កាត់អគ្គិភ័យ ជាពិសេសនៅពេលមានអគ្គិភ័យកើតឡើងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវតែធាននាបានមាននូវឧបករណ៍ពន្លត់អគ្គិភ័យ និងចេះទប់ស្កាត់បឋមមុនកម្លាំងជំនាញអន្តរាគមន៍មកដល់។
លោកអភិបាលខេត្ត ថង សាវុន ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធឲ្យបិទផ្សាយលេខទូរស័ព្ទ កម្លាំងអន្តរាគមន៍ប្រចាំការនៅតាមទីសាធារណៈ ទីប្រជុំជននានាសម្រាប់ប្រជាពលលរដ្ឋទាក់ទងបានគ្រប់ពេលវេលា ពេលកើតមានគ្រោះអគ្គិភ័យ។ បើទោះបីជាយ៉ាងណា លោកអភិបាលខេត្ត បានកោតសរសើរចំពោះកម្លាំងជំនាញអគ្គិភ័យ ដែលបានលះបង់ខ្ពស់ក្នុងការអន្តរាគមន៍ ចុះជួយបាញ់ពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋនាពេលកន្លងមក។
របាយការណ៍ឆ្នាំ២០១៦ បានបង្ហាញថា នៅទូទាំងខេត្តរតនគិរី មានករណីអគ្គីភ័យកើតឡើងចំនួន ១៨លើក ធៀបជាមួយឆ្នាំ២០១៥ មានការថយចុះ ០៩លើក។ ករណីទាំងនោះបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ឆេះផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ប្រាក់ដុល្លារ ៤,៥៣០ដុល្លារ ប្រាក់រៀល៨លានរៀល និងសម្ភារៈមួយចំនួនទៀត៕