(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់ចេញនូវ ៣ចំណុច ដើម្បីកែលំអរឲ្យមានការផ្លាស់ប្តូរស៊ីជំរៅ និងជាពហុវិស័យការបរទេស នៅក្នុងពិធីបើកសន្និបាត បូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅបន្តសម្រាប់ការអនុវត្តនៅឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា ស្ថានភាពជាក់ស្តែងបានតម្រូវឲ្យមានការផ្លាស់ប្តូរស៊ីជំរៅ និងជាពហុវិស័យ ដើម្បីយកជោគជ័យលើការដ្ឋាន ៣ ដែលត្រូវកែលំអររួមមាន៖
ទី១៖ កែលំអអារម្មណ៍ និងទឹកចិត្តការងាររបស់មន្រ្តីការទូត មន្រ្តីរាជការ បុគ្គលិកផ្ទាល់របស់ក្រសួង ដើម្បីឲ្យកិច្ចការបំរើ និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើងប្រកបដោយសន្ទុះថ្មី ផ្អែកលើគុណតម្លៃនៃតម្លាភាព សមភាព សមត្ថភាព និងគុណសម្បតិ្ត។
ទី២៖ កែលំអទំនាក់ទំនងជាមួយស្ថានទូត ស្ថានតំណាង អង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា ដើម្បីឲ្យទំនាក់ទំនងនេះ ក្លាយជាទំនាក់ទំនងរវាងដៃគូពិតប្រាកដ និងឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក ស្មើភាព និងស្មើសិទ្ធិ។
ទី៣៖ កែលំអ និងពង្រឹងយន្តការសម្របសម្រួល ជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីធានាដោយពេញលេញនូវតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ក្នុងឋានៈជាតួអង្គស្នូល
នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា «ដូចខ្ញុំបានប្រកាសក្នុងសុន្ទរកថា ចូលកាន់តំណែងកាលពីខែមេសា ឆ្នាំទៅមិញថា ជាមួយនឹងការធានាបន្តនិរន្តរភាព ក្នុងការអនុវត្តន៍គោលនយោបាយការបរទេសធំៗរបស់ប្រទេសកម្ពុជាយើង គឺយើងក៏ត្រូវដំណើរការកំណែទំរង់ចំពោះវិស័យណាដែលចាំបាច់ ដើម្បីធ្វើឲ្យការប្តេជ្ញារបស់យើងនេះ ក្លាយជាការពិតជាក់ស្តែង»។
សូមបញ្ជាក់ថា ប្រមុខការបរទេសកម្ពុជា បានថ្លែងបែបនេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងការបរទេស នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សន្និបាតនេះ នឹងត្រូវបិទដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃស្អែក៕