(ភ្នំពេញ)៖ តារាសម្ដែងនៅតែរក្សាបានប្រជាប្រិយភាព ប្រៀបបីដូចជាផ្ការីកគ្រប់រដូវ អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានគេដឹងថា នឹងត្រូវហោះហើរចេញទៅរស់នៅទឹកដី សម្បូរដុល្លារ និងជាមហាសេដ្ឋកិច្ចពិភពលោក គឺសហរដ្ឋអាមេរិក នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប៉ុន្តែមុននឹងចាកចេញពីដែនដី កំណើតរបស់ខ្លួន សារ៉ាយ សក្ខណា បានចូលរួមថតរូបភាពឲ្យផលិតផល «ទឹកសំរង Moly Fresh និងបាយ័នសំរងធម្មជាតិ» ខណៈដែលក្រុមហ៊ុន ទឹកសំរងនេះ ជាផលិតផលរបស់ខ្មែរ និងតែងតែជួយ ទៅលើសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ជាពិសេស គឺជួយដល់កុមារ ចាស់ជរា និងជនពិការជាដើម។
ជាមួយគ្នានេះ តារាសម្ដែង,ពិធីការិនី និងជាតារាបង្ហាញម៉ូដ គឺកញ្ញា សូរ្យ អេណា ក៏បានចាប់ដៃគូជាមួយ អ្នកនាង សារ៉ាយ សក្ខណា ដើម្បីចូលរួមផ្សព្វផ្សាយ ផលិតផលទឹកសំរងធម្មជាតិ ហើយក៏ដូចជាចូលរួមការងារសង្គម ដោយប្រយោលផងដែរ បន្ទាប់ពីការងារសិល្បៈរបស់ពួកគេ នៅតែទទួលបានជោគជ័យ ជាបន្តបន្ទាប់។
តារាសម្ដែងមានវាសនាខ្ពស់ ទទួលបានសិទ្ធិទៅរស់នៅអាមេរិក សារ៉ាយ សក្ខណា បានថ្លែងឲ្យដឹងថា ដោយសារតែនាងបានមើលឃើញ ពីសកម្មភាពមនុស្សធម៌ ជួយសង្គមជាច្រើន របស់ក្រុមហ៊ុនផលិតផល ទឹកសំរងធម្មជាតិ ទើបនាងសម្រេចចិត្តថតឲ្យផលិតផលមួយនេះ ដោយមិនបានគិតកម្រៃអ្វីនោះទេ មុននាងចេញទៅអាមេរិកវិញ ពោលគឺនាងជួយដោយស័្មគ្រចិត្ត ដើម្បីឲ្យក្រុមហ៊ុននេះ បន្តសកម្មភាពជួយដល់សង្គមបន្ថែមទៀត។ ថ្វីត្បិតតែនាងមិនបានជួយសង្គម ដោយផ្ទាល់ក្ដី ក៏នាងសុខចិត្តបន្សល់ទុកនូវស្នាដៃ ឬទេពកោសល្យដែលខ្លួនមាន បន្តជួយក្នុងទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ។
យ៉ាងណាមិញតារាសម្ដែង និងជាពិធីការិនី នាង សូរ្យ អែណា ក៏មិនខុសពី សារ៉ាយ សក្ខណា ដែរ នាងក៏បានចូលរួមចំណែក ក្នុងនាមជាអ្នកសិល្បៈ ត្រូវមានចិត្តចេះចែករំលែក ទោះតិចក្ដីច្រើនក្ដី ហើយនាង ក៏សរសើរដល់ទឹកចិត្តរបស់អ្នកនាង សារ៉ាយ សក្ខណា ដែលកាយបានឃ្លាតឆ្ងាយពីស្រុកកំណើត តែទឹកចិត្តនៅតែស្រឡាញ់ បងប្អូនរួមជាតិដដែល។
ដោយឡែកម្ចាស់ក្រុមហ៊ុនសំរងទឹកធម្មជាតិ លោកស្រី ថេ ដាឡែន បានថ្លែងបញ្ជាក់ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តារាសម្ដែង សារ៉ាយ សក្ខណា ក៏ដូចជា សូរ្យ អេណា ដែលបានជួយថតរូបផ្សព្វផ្សាយ ផលិតផលរបស់ខ្លួន ដោយទឹកចិត្តសប្បុរស មិនទទួលយកប្រាក់កម្រៃ ព្រោះតែចង់ឲ្យក្រុមហ៊ុននេះ បន្តនូវសកម្មភាពមនុស្សធម៌ ជួយដល់សង្គមឲ្យបានយូរអង្វែង និងច្រើនជាងនេះបន្ថែមទៀត។ ទាំងនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីទំហំទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន របស់តារាសម្ដែងខ្មែរទាំងពីរ និងសូមឲ្យទឹកចិត្តសប្បុរសនេះ ស្ថិតស្ថេរជាអមតៈ៕