(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានរៀបចំបញ្ជូននិស្សិតផ្នែក ឱសថសាស្ត្រចំនួន២៣នាក់ ឲ្យចុះកម្មសិក្សានៅក្រៅប្រទេស ទៅសាកលវិទ្យាល័យ Khon Kaen នៃប្រទេសថៃ រយៈពេល០៤សប្តាហ៍។ នេះជាលើកទីបីហើយ ដែលនិសិ្សតផ្នែក ឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Khon Kaen។
គួរបញ្ចាក់ផងដែរថាក្នុងឆ្នាំសិក្សា ២០១៥-២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូន និស្សិតឱសថសាស្ត្រចំនួន ៤១នាក់ ចុះកម្មសិក្សាក្នុងនោះនៅប្រទេស ជប៉ុន (៦នាក់) និងថៃ(៣៥នាក់)។
សូមជម្រាបផងដែរថា ការរៀបចំបញ្ជូននិស្សិតចុះ កម្មសិក្សានៅក្រៅប្រទេសនេះ ក្នុងគោលបំណង ដើម្បីឲ្យនិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានឱកាសបានក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេសដែលមានស្តង់ដា វិស័យសុខាភិបាលខ្ពស់ សម្រាប់ឲ្យនិសិ្សតអាចអភិវឌ្ឍសម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត ជាការចូលរួមដើម្បីកសាងទំនុកចិត្ត ប្រជាពលរដ្ឋកម្ពុជាលើគុណភាព វិស័យសុខាភិបាលនាថ្ងៃអនាគត។
ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យពុទ្ធិសាស្ត្របាននឹង កំពុងខិតខំប្រឹងប្រែងក្នុងការពង្រីក កិច្ចសហប្រតិបត្តិការជាមួយដែគូអន្តរជាតិបន្ថែមទៀត ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សានៅបរទេស សម្រាប់ពង្រីងសមត្ថភាព និងអាជីពរបស់ខ្លួនកាន់តែរឹងមាំ៕