(ភ្នំពេញ)៖ របាយការណ៍ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានក្លាយជាអ្នកខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុច្រើនជាងគេបំផុត ដែលមានរហូតដល់ជាង២០ម៉ឺននាក់ ហើយបើសរុបទំហំនៃការខ្ចីវិញ មានទឹកប្រាក់លើសពី១ពាន់លានដុល្លារ។
ទិន្នន័យដែលចេញផ្សាយលើ គេហទំព័រធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា យោងតាមការិយាល័យឥណទានកម្ពុជា ទីប្រជុំជនធំៗជាកន្លែង ប្រមូលផ្តុំឥណទានច្រើនជាងគេ។ ការឱ្យខ្ចីសរុបនៅភ្នំពេញមានចំនួនលើសពី ១ប៊ីលានដុល្លារអាមេរិក (១,០០០,០០០,០០០ដុល្លារ) និងបណ្តាខេត្តមួយចំនួនផ្សេងទៀត ដូចជា ខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង ដែលមានបរិមាណឥណទានចន្លោះពី៧០០ លានដុល្លារអាមេរិក ទៅ១ប៊ីលានដុល្លារអាមេរិក។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា «ចំនួនអតិថិជនដែលទទួលបាន ឥណទាន (កម្ចី) ច្រើនជាងគេ គឺរាជធានីភ្នំពេញ ដែលមានអតិថិជនច្រើនជាង ២០០,០០០នាក់ និងខេត្តកណ្តាល ដែលមានអតិថិជន ចន្លោះពី ១៥០,០០១ នាក់ ដល់ ២០០,០០០នាក់។ បន្ទាប់ពីនេះ រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប កំពង់ចាមព្រៃវែង តាកែវ កំពង់ធំ និង បាត់ដំបង ដែលមានអ្នកខ្ចីចន្លោះពី ១០០,០០១ នាក់ ដល់ ១៥០,០០០ នាក់»។
ជាមួយគ្នានេះ ធានាគារជាតិនៃកម្ពុជារកឃើញថា គុណភាពឥណទាននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី និងកោះកុង មានឥណទានមិនដំណើការខ្ពស់ជាងគេ (ខ្ចីអត់សង) ជាមួយនឹងអត្រាធំជាង១.៥១% ខណៈដែលខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង មានអត្រាឥណទានមិនដំណើការចន្លោះពី១.០១% ទៅ ១.៥០% ប៉ុណ្ណោះ៕