(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំ រយៈពេលជាង១ម៉ោង នៅម៉ោង៩៖១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រឹទ្ធសភានៃកម្ពុជា បានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយសំឡេងសមាជិកព្រឹទ្ធសភា ៤៤រូប។
កិច្ចប្រជុំព្រឹទ្ធសភាវិសាមញ្ញ នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៤៤រូប ក្នុងនោះ សមាជិកមកពីគណបក្សសមរង្ស៊ី មិនបានចូលរួមកិច្ចប្រជុំនេះឡើយ។
សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង ដោយសំឡេងសមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញអស់រយៈពេលជិត ២ម៉ោង។
ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
មាត្រា១៨ថ្មី នៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានកំណត់ដោយសង្កត់ធ្ងន់ថា៖ ប្រធាននិងអនុប្រធាន និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មការទាំងពីរនេះ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដោយគ្មានការព្យួរទោសឡើយ៕