(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បានសម្រេចឲ្យបុរសម្នាក់ដែលទើបប្រឡងជាប់ជានគរបាល ពាក់ព័ន្ធនឹងបទល្មើសសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ហើយយកសពទៅទម្លាក់ក្នុងទឹកទន្លេនោះ ត្រូវជាប់ពន្ធនាគារអស់មួយជីវិតដដែល ។
លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។
គួរបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ ហុង កាលីឌីន អាយុ២៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ ចំនួន៣បទល្មើស គឺ បទឃាតកម្មគិតទុកជាមុន បទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។
នាពេលសវនាការសាលាឧទ្ធរណ៍ កន្លងទៅ ជនជាប់ចោទនៅតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយស្នើឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌។
គួររំលឹកថា ឈ្មោះ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីសពនារី រងគ្រោះឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា ៕