(ភ្នំពេញ)៖ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្បែរវត្តភ្នំ មានការចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ មីហ្ស៊ូហូ (Mizuho) តំណាងដោយលោក អ៊ីម៉ាអ៊ី សេអ៊ីជិ (Imai Seiji) នាយកប្រតិបត្តិ ទទួលបន្ទុកតំបន់អាស៊ី និងអូសេអានី ស្តីពីកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ។
គោលបំណងនៃអនុស្សារណៈនេះគឺ ដើម្បីដាក់ចេញនូវសកម្មភាពសហប្រតិបត្តិការរវាងក្រុម-ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ មីហ្ស៊ូហូ សំដៅជំរុញវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា និងលើកកម្ពស់ភាពជាដៃគូរវាងសហគ្រិនកម្ពុជា-ជប៉ុន។
ខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នារួមមាន៖ គាំទ្រ និងសហការរួមគ្នាក្នុងការរៀបចំសិក្ខាសាលាសំដៅជំរុញការវិនិយោគជប៉ុនមកកម្ពុជា, សម្របសម្រួល និងរៀបចំសកម្មភាពជំរុញវិនិយោគក៏ដូចជា សកម្មភាពផ្គូរផ្គងធុរកិច្ចសម្រាប់អ្នកវិនិយោគជប៉ុននៅកម្ពុជា ព្រមទាំងសហការជាមួយតុជប៉ុន (Japan Desk) នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់ព័ត៌មាននានាអំពីគម្រោងវិនិយោគដែលអ្នកវិនិយោគជប៉ុនត្រូវការ។
ធនាគារ មីហ៊្សូហូ គឺជាធនាគារមួយក្នុងចំណោមធនាគារធំៗចំនួនបី នៅប្រទេសជប៉ុន ដែលមានប្រតិបត្តិការធុរកិច្ចចំនួន ៥៤៩កន្លែងនៅលើ ពិភពលោក។ បច្ចុប្បន្ន ធនាគារមានប្រតិបត្តិការនៅប្រទេសអាស៊ានចំនួន៨ រួមមាន ឥណ្ឌូនេស៊ី, ម៉ាទ្បេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, និងកម្ពុជា។
ធនាគារ មីហ៊្សូហូ នឹងបន្តពង្រីកបណ្តាញសាខារបស់ខ្លួនជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ដោយផ្តោតទៅលើ បណ្តាប្រទេសនៅតាមមហាអនុតំបន់មេគង្គ ដែលសាជីវកម្មរបស់ជប៉ុនត្រូវបានរំពឹងថា នឹងមានភាពរីកចម្រើននាពេលខាងមុខ។ ចំពោះសកម្មភាពធុរកិច្ចនៅកម្ពុជា ធនាគារបានចាប់ផ្តើមមានវត្តមាននៅកម្ពុជានៅឆ្នាំ២០១៣ ដោយបានបើកជាការិយាល័យតំណាង។ ថ្មីៗកន្លងទៅនេះ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ធនាគារ មីហ៊្សូហូ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ជប៉ុននៅកម្ពុជាក្នុងឆ្នាំ២០១៦ មានទុនវិនិយោគសរុបប្រមាណ ៨២២លានដុល្លារអាមេរិក ស្មើនឹង២២.៧៨%នៃទុនវិនិយោគសរុប៕