(ស្វាយរៀង)៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យប្រុសស្រី២នាក់ ទៅដោះស្រាយក្ដីនៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងគ្រឿងញៀន ជាមួយថ្នាំញៀនចំនួន១២កញ្ចប់តូចធំ និងវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្ត និងជាប្រធានមន្ទីយុត្តិធម៌ខេត្ត បានឲ្យដឹថា ក្រោយពីទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោកបានដឹកនាំកម្លាំងអាវុធ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅវេលាម៉ោង ៩៖១០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ (ស្រីម្នាក់)។
ចំពោះវត្ថុតាងរឹបអូសបាន រួមមានម្សៅក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់ ថ្នាំគ្រាប់ពណ៌ខៀវ ចំនួន២គ្រាប់ ទូរស័ព្ទចំនួន៤គ្រឿង ប្រាក់ដុងចំនួន៥លាន ប្រាក់ខ្មែរ១២ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ២សន្លឹក និងកាបូបដៃ១ទៀត៕