(កំពង់ចាម)៖ អភិបាលស្រុកបាធាយ ខេត្តកំពង់ចាម លោក ឡោ ចាន់លី បានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះហ្គារ៉ាស់សាំង និងរថយន្តដឹកស៊ីទែន យ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្បែរផ្សារផ្អាវ បានរលត់ទៅវិញហើយនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធររបស់លោក សហការជាមួយប្រជាពលរដ្ឋបានជួយបាញ់ទឹក។
លោកអភិបាលស្រុក ដែលដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ គ្រោះអគ្គិភ័យនេះដោយផ្ទាល់ បានបញ្ជាក់ថា មូលហេតុពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំការសួរនាំសិន តែអាចមកពីរថយន្តដឹកស៊ីទែនទៅចាក់សាំង ហើយអាចជ្រុលទៅបុកបង្គោល។
តែយ៉ាងណា បើតាមលោកអភិបាលស្រុកបាធាយរូបនេះ គ្រោះអគ្គិភ័យខាងលើ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។ លោកបានបញ្ជាក់ទៀតថា ទំហំនៃការខូចខាតវិញ គឺតួហ្គារ៉ាស់មួយចំនួន ក្បាលរថយន្តមិនឆេះទេ តែឆេះស៊ីទែនផ្ទុកសាំង ហើយនៅពេលនេះ (ម៉ោង៧៖៣០នាទីយប់នេះ) កម្លាំងសមត្ថកិច្ចបាន និងកំពុងបាញ់ពន្លត់បន្តទៀត ដែលនៅសល់រងើកភ្លើង។
សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ លោក ឡោ ចាន់លី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រើរថយន្តអស់ចំនួន៣គ្រឿង មកពីស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ៕