(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមិត្តរួមជំនាន់ជាច្រើននាក់ ទៅសួរសុខទុក្ខមិត្តរួមជំនាន់សាលាបាក់ទូកនាឆ្នាំ១៩៨៨ គឺអ្នកស្រី អ៊ូច សុភ័ណ្ឌរី នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧នេះ ខណៈដែលអ្នកស្រីកំពុងសម្រាកព្យបាលជំងឺលើសឈាមនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងប្រតិភូបានចុះសួរសុខទុក្ខ អ្នកស្រី អ៊ូច សុភ័ណ្ឌរី អតីតមិត្តសិស្សថ្នាក់ទី១១ «D» នៃសាលា បាក់ទូកនាឆ្នាំ១៩៨៨ ដែលកំពុងមានជំងឺលើសឈាម និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយនៅជាយក្រុងភ្នំពេញ។
នៅអំឡុងការចុះសាកសួរសុខទុក្ខខាងលើនេះ លោកឧត្តមសេនីយ៍រ័ត្ន ស្រ៊ាង បានផ្តល់ថវិកាផ្ទាល់ខ្លួនជូនចំពោះ អ្នកស្រី អ៊ូច សុភ័ណ្ឌរី ចំនួន១លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ហើយមិត្តភ័ក្តរួមដំណើរបានប្រមូលគ្នាបានថវិកាចំនួនសរុប ៤,៥លានរៀល បន្ថែមទៀត សរុបថវិកាជូនមិត្តភក្ដិរួមសាលាកាលពីអតីតកាលបានចំនួន ៥,៥លានរៀល។
អ្នកស្រី អ៊ូច សុភ័ណ្ឌរី បានធ្លាក់ខ្លួនឈឺនិងបញ្ជូនមកកាន់មន្ទីរពេទ្យ ដោយសារជំងឺលើសឈាមកាលពីថ្មីៗនេះ។ អ្នកស្រីមានជីវភាពក្រលំបាកណាស់ ជាស្រ្តីម៉េម៉ាយមានកូន៤នាក់នៅក្នុងបន្ទុក។ ក្នុងជំនួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននិយាយលើកទឹកចិត្តដល់ អ្នកស្រី អ៊ូច សុភ័ណ្ឌរី ថា «ចាប់ពីពេលនេះទៅ សុភ័ណ្ឌរី មិនមែនមានតែកូន០៤នាក់និងបងប្អូនខ្លួន ចាំជួយយកចិត្តទុកដាក់នោះទេ ត្រូវចាំថានៅមានមិត្តរួមជំនាន់ សាលាបាក់ទូកឆ្នាំ១៩៨៨ ចំនួនជិត២០០នាក់ទៀត នៅជាមួយនិងរង់ចាំជួយគ្នាគ្រប់ពេលវេលា»។
ទន្ទឹមនេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកទឹកចិត្តដល់កូនៗអ្នកស្រី អ៊ូច សុភ័ណ្ឌរី ថាត្រូវតែមានឆន្ទៈមោះមុត និងខិតខំរៀនផងធ្វើការផង ដើម្បីជួយសម្រាលបន្ទុកម្តាយដែលកំពុងធ្លាក់ខ្លួនឈឺហើយលោកក៏បាន ផ្តល់បទពិសោធន៍ថាការតាំងចិត្តនិងមានឆន្ទៈពិតប្រាកដ នឹងជួយអោយយើងសម្រេចបាននូវគោលដៅ។
គួរបញ្ជាក់ថាកាលពីខែមករាកន្លងមកនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានដឹកនាំមិត្តរួមជំនាន់ ចុះសួរសុខទុក្ខមិត្តរួមជំនាន់សាលាបាក់ទូកឆ្នាំ១៩៨៨ចំនួន០២នាក់ ដែលធ្លាក់ខ្លួនឈឺនិងពិការនៅមួយកន្លែង។
ក្រៅពីនេះទៅទៀត កាលពីកន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រមូលចងក្រងមិត្តរួមជំនាន់រៀនជាមួយគ្នាសាលាបាក់ទូកឆ្នាំ១៩៨៨ នៅក្នុងក្រុមមួយតាមបណ្តាញ WhatsApp រួមទាំងលោកគ្រូ អ្នកគ្រូធ្លាប់បង្រៀនមិត្តជំនាន់ឆ្នាំ១៩៨៥-៨៨ ផង ក្នុងគោលបំណងប្រមែលប្រមូលមិត្តធ្លាប់រៀនជាមួយគ្នាទាំងអស់កាល ពីមុននោះអោយបានជុំគ្នាឡើងវិញ ហើយនៅពេលយើងមានអាសន្ន អន់ក្រទុក្ខលំបាកអីយើងនឹងប្រាប់គ្នា អោយដឹងគ្រប់គ្នានិងរៀងខ្លួនស្ម័គ្រចិត្តជួយគ្នា។
សិស្សបាក់ទូកជំនាន់់ឆ្នាំ១៩៨៨ មានប្រមាណ៣០០នាក់ មានពីថ្នាក់ «A» ដល់ថ្នាក់ «G» ជាថ្នាក់សិស្សពូកែគណិតវិទ្យា ប្រចាំរាជធានី ដែលមានគ្រប់សមាសភាពសិស្សមកពីសាលាផ្សេងៗ៕