(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពល​ខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។

នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០១៦ និងដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់បញ្ជាការដ្ឋានអង្គរក្ស រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នាយឧត្តមសេនីយ៍បានថ្លែងថា «យើងជាកងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៍រឹងមាំ នៃប្រទេសជាតិ ទោះបីស្ថិតក្នុង​តម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ត្រូវការពារ ឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍​ពណ៌មិនឱ្យកើត​មាននៅលើទឹកដី កម្ពុជាបានឡើយ»

នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានបន្តថា កងយោធពលខេមរភូមិន្ទ ត្រូវការពារប្រជាពលរដ្ឋ ឲ្យរស់នៅក្នុងភាពសុខ​ដុម​រមនា និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាល​ការពារសេចក្ដី​សុខសាន្ត​របស់ប្រជាពលរដ្ឋ និងការរីកចំរើនរបស់សង្គមជាតិ សំដៅប្រមួលផ្ដុំ សក្ដានុពលទាំងឡាយ ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។

លោកបានលើកឡើងថា កម្ពុជាជាបាននឹងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើវិថីមួយ ដ៏ត្រឹមត្រូវនិងមានវឌ្ឍន​ភាពជាលំដាប់។ សន្តិភាពបានធ្វើឱ្យប្រទេសជាតិរីកលូតលាស់ និងមានភាព ខ្ពស់មុខខ្ពស់មាត់ ស្មើរភាព ស្មើសិទ្ធិជា​មួយប្រទេស​ក្នុងតំបន់និងពិភពលោក ។ ប្រជាជនកម្ពុជាបានរស់នៅ​យ៉ាងសុខដុមរមនាក្រោម​ម្លប់សន្តិភាព។ យើងត្រូវចង​ចាំជានិច្ចថា អ្វីៗទាំងអស់គឺត្រូវ​ចាប់ផ្ដើមពីសន្តិភាពមុនគេ ដែលយើងត្រូវចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ និងការលំបាកស្មុក​ស្មាញ ទាំងឡាយអំណត់តស៊ូហ៊ានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពជូនជាតិ និងប្រជាជន។

អគ្គមេបញ្ជាការ បានផ្តល់អនុសាសន៍ដល់នាយ ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងលើកកម្ពស់មនសិកាស្នេហាជាតិ គោរពលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ មានគុណធម៌ មនសិការវិជ្ជាជីវៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសគោរពឲ្យបានម៉ឺងមាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូន។ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ពិសេសពង្រឹង​ប្រព័ន្ធការពារទាំងសុខភាព សន្តិសុខ សុវត្ថិភាពឲ្យបាន១០០%ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សក្តិសមជាកងអង្គរក្សដែល​មានស្នាដៃល្អឆ្នើម និងមានមនសិការ វិជ្ជាជីវៈយ៉ាងពិតប្រាកដ។ បន្តចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការជួយ​សង្គ្រោះប្រជពលរដ្ឋពីគ្រោះមហន្តរាយនានា និងជួយប្រជាពលរដ្ឋក្នុងបង្កបង្កើនផល ឲ្យសក្តិសមជាកូនចៅ​ប្រជាពលរដ្ឋ ធ្វើអ្វីៗដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ សំដៅបង្កើនជំនឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ បន្តពង្រឹងនិងពង្រីកគុណភាព​ហ្វឹកហ្វឺនដោយដើរទន្ទឹម​ការងារអប់រំចិត្តសាស្រ្តការចិញ្ចឹមទ័ព និងបន្តកសាងជំរំបន្ទាយ ការគ្រប់គ្រងថែរក្សាសម្ភារៈសឹក គ្រឿងបំពាក់ផ្សេងៗ​ឱ្យបានល្អប្រសើរ។

ចំណែក នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស បានលើកឡើងពីលទ្ធផលការងាររបស់ បញ្ជាការដ្ឋានអង្គរក្សជាអង្គភាពមួយរបស់ កងយោធពល​ខេមរភូមិន្ទ បាននឹងកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ជូន សម្ដេចតេជោហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ប្រជាពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈធ្វើ​ពលីកម្មគ្រប់​បែបយ៉ាងគ្រប់ឧបសគ្គបូជាអាយុជីវិត ការពារអធិបតេយ្យភាព បូរណៈភាព​ទឹកដី ចាត់ទុកជាតិជាធំ។ ក្នុងបេសកកម្ម​ដ៏ឧត្ដុង្គឧត្ដមរបស់បញ្ជាការដ្ឋានអង្គរក្ស សម្រេចបានស្នាដៃធំៗ​ជាច្រើនក្នុងការ​រក្សាបានសុវត្ថិភាព​និងសន្តិសុខជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ។ លើសពីនេះបានកសាង​អភិវឌ្ឍន៍អង្គភាពឲ្យមាន​ការរីកចំរើនលើ គ្រប់វិស័យទាំងសមរភូមិមុខ និងក្រោយដោយបាន​លើកកម្ពស់ជាប្រចាំនូវសមត្ថភាព ធនធានមនុស្ស និងកសាងមូលដ្ឋានជំរំ​បន្ទាយថែរក្សាប្រពន្ធ័ការពារសម្ភារសឹក ការចិញ្ចឹមសត្វគ្រួសារទ័ព​ជួយបង្កបង្កើនផលនិងជួយ​សង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានផ្តល់ការលើកទឹកចិត្តដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្គរ ១០តោន, ត្រីខកំប៉ុង៥០កេស, មី៥០កេស និងថវិកា ២០លានរៀលផងដែរ៕