ស្ថានទូតកម្ពុជា ដោះស្រាយបើកប្រាក់ខែ ជូនកម្មសិក្សាការី ខ្មែរ៥នាក់ នៅប្រទេសជប៉ុនក្រោយថៅកែកិបកេងមិនព្រមបើកឲ្យ
27-02-2017 18:42
(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន បានដោះស្រាយបញ្ហាប្រាក់បៀវត្ស ដែលថៅកែក្រុមហ៊ុន នៅខេត្ត Tochigi នៃប្រទេសជប៉ុន បានកិបកេងប្រាក់ម៉ោង និងប្រាក់ធ្វើការលើសម៉ោងកន្លងមក ជូនកម្មសិក្សាការីចំនួន៥នាក់ ឲ្យទទួលបានប្រាក់សំណងមកវិញហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ទាក់ទងនឹងករណីនេះដែរ ថៅកែក្រុមហ៊ុន បានស្នើសុំវិញថា សុំបងសង់ជាដំណាក់កាល និងសន្យាបង់ឲ្យអស់ក្នុងអំឡុងឆ្នាំ២០១៧ ដោយសារតែប្រាក់សំណងនោះមានចំនួនច្រើនពេក។ ចំពោះការសង ក្រុនហ៊ុន នឹងផ្ញើតាមគណនីកម្មសិក្សាការីខ្មែរដោយផ្ទាល់ ហើយនឹងមានការរាយការណ៍ជូនស្ថានទូតផងដែរ។
យោងតាមលិខិតដដែល បានបញ្ជាក់ឲ្យដឹងថា ការអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន បានធ្វើឡើង ក្រោយពីមានការស្នើសុំអន្តរាគមន៍ពីកម្មសិក្សាការីខ្មែរ៥នាក់ បានបង្ហោះលើ Facebook របស់ស្ថានទូត ក្រោយមកស្ថានទូតក៏បានសហការជាមួយនគរបាលនៅតាមតំបន់ ធ្វើការអន្តរាគមន៍បានសម្រេច តាមការស្នើរបស់កម្មសិក្សាការីខ្មែរ និងជួយដោះស្រាយបញ្ហាបានតាមការគ្រោងទុក៕
សូមអានសេចក្តីជូនដំណឹង ដែលមានខ្លឹមសារលំអិតទាំងស្រុង ដូចខាងក្រោមនេះ៖