(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញសម្ពោធអគារសិក្សា និងទីចាត់ការសរុប ២១បន្ទប់ នៅអនុវិទ្យាល័យ ហ៊ុន សែន បឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមរំលឹកថា អគារសិក្សាមួយខ្នង កម្ពស់ ៣ជាន់ ស្មើ ១៨បន្ទប់ និងអគារទីចាត់ការមួយខ្នងស្មើ ៣បន្ទប់ ក្នុងអនុវិទ្យាល័យ ហ៊ុន សែន បឹងកុកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ជូនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ក្នុងពេលសម្តេចអញ្ជើញចុះសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម។
ការសម្រេចផ្តល់ជូននេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ទទួលបានការស្នើសុំពីនាយកអនុវិទ្យាល័យតាមរយៈទំព័រ Facebook របស់សម្តេច។ ក្រោយសំណូមពរនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ បន្ទាប់ពីឃើញពីសភាពទ្រុឌទ្រោម នៃអគារសិក្សា និងមើលឃើញពីកង្វះខាតអគារសិក្សា សម្តេចក៏សម្រេចផ្តល់អគារសិក្សាថ្មីតែម្តង។
ក្រៅពីការផ្តល់អគារសិក្សាសម្តេចនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងឲ្យសាងសង់របង និងខ្លោងទ្វារសាលាថ្មីផងដែរ។ នាយកអនុវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសាលានេះ បានសម្តែងក្តីរំភើបរីករាយក្រោយទទួលបានអគារសិក្សាថ្មី បំពេញសេចក្តីត្រូវការក្នុងការសិក្សារបស់សិស្ស។
សូមបញ្ជាក់ដែរថា រយៈពេលស្ទើរកន្លះឆ្នាំ២០១៦កន្លងទៅ ក្នុងដំណើរអញ្ជើញចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តាមបណ្តាខេត្ត សម្តេចតេជោ ហ៊ុន សែន បានជួយដោះស្រាយការខ្វះខាតអគារសិក្សានៅតាមបណ្តាសាលានានា ដោយផ្តល់អគារសិក្សាសរុបជាង ៣០០រយខ្នង ស្មើនិងជាង ៣ពាន់បន្ទប់៕
ខាងក្រោមជាវីដេអូ នៃបទសម្ភាសន៍ជាមួយលោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យ ហ៊ុន សែន បឹងកុក ក្រោយពេលសម្តេចផ្តល់អគារសិក្សាថ្មីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦៖