(កំពង់ធំ)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយ លោកស្រី ឃួន ឃុនឌី ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តកំពង់ធំ និងសមាជិក សមាជិកា នាយិកាសាខា ក្រុមប្រតិបត្តិសាខា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះសាកសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍ ក្នុងពន្ធនាគាក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងនាំអំណោយមួយចំនួន ទៅចែកជូនពួកគាត់។
ការចុះជួបផ្ទាល់នេះ ត្រូវបានធ្វើឡើងក្នុងឱកាស «ទិវាជាតិសុខភាពមាតាទារក និងកុមារ» ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិទ្ធ ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកនាំតំបន់ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ នៅកម្ពុជាជាប្រមុខដឹកនាំ។
លោកស្រី ឃួន ឃុនឌី ផ្តាំផ្ញើដល់ស្រ្តីមានផ្ទៃពោះទាំងអស់ ឲ្យថែរក្សាសុខភាព និងទៅពិនិត្យផ្ទៃពោះ នៅមណ្ឌលសុខភាព រហូតដល់ពេលសម្រាលចំពោះអ្នកផ្ទុកមេរោគអេដស៍ សូមថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រើថ្នាំឲ្យបានទៀងទាត់ ដើម្បីសុខភាព។ លោកស្រីបានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់គ្នា ជៀសឲ្យផុតពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
លោក បានចែកជូនគ្រឿងឧបភោគ-បរិភោគដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺរបេងចំនួន ១៦នាក់ ក្នុងនោះម្នាក់ទទួលបាន អង្ករ៣០គីឡូ មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ ទឹកដោះគោខាប់ ១កំប៉ុង ស្ករស១គីឡូក្រាម សាប៊ូកក់សក់១ដប ម្សៅ១កំប៉ុង កន្សែងពោះគោ១ ម៉ុងគ្រប១ មួក១ ស្រោមដៃ១គូ
និងស្រោមជើង១គូ៕