(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ បានដាក់បទបញ្ជាដល់​កម្លាំងនគរបាល​សន្តិសុខ និង ប្រឆាំងភេរវកម្ម ត្រូវក្តាប់សភាពការណ៍ ប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីមានវិធានការ បង្ការ និង​ទប់ស្កាត់អំពើភេរវកម្មឲ្យបានទាន់​ពេលវេលា។

ការប្រកាសដាក់បទបញ្ជានេះបានធ្វើឡើង នៅពេលលោកឧត្តមសេនីយ៍ស្នងការ បើក​កិច្ចប្រជុំផ្សព្វ​ផ្សាយសេចក្តី​ណែនាំ របស់អគ្គ​ស្នងការនគរបាលជាតិ ស្តីពីការ «បង្ការ និងទប់ស្កាត់អំពើភេរវកម្ម» នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ។

ឧត្តមស្នងការ បានលើកឡើង អំពីសភាពការណ៍ថ្មីៗ ​នៅលើសកលលោក ពិសេសអំពើភេរវកម្មអន្តរជាតិ នៅតំបន់មជ្ឈិមបូព៌ា ដែលបាន នឹងកំពុងរីករាលដាល នៅក្នុងតំបន់ និងលើសកលលោកគួរឲ្យព្រួយបារម្ភ។

លោកឧត្តមស្នងការ បាន​បញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានតំបន់ប៉ូលសំខាន់ៗ៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាមជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច ឧស្សាហកម្ម និងទេសចរណ៍ រួមមានកាស៊ីណូផងដែរ។ អីចឹងនគរបាលសន្តិសុខ និងប្រឆាំងភេរវកម្ម ត្រូវក្តាប់សភាពការណ៍ ប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីមានវិធានការ បង្ការ និងទប់ស្កាត់អំពើភេរវកម្មឲ្យបានទាន់​ពេលវេលា»៕