(ភ្នំពេញ)៖ ហុងកុង បានឈរលើលំដាប់ទី៣ ដែលវិនិយោគច្រើនជាងគេនៅកម្ពុជា បន្ទាប់ពីចិន និងជប៉ុន ដោយមានទឹកប្រាក់រហូតដល់ជាង១ពាន់លានដុល្លារ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបង្ហាញតួលេខនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សា រវាងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Ma Siu cheung លេខាធិការទទួល បន្ទុកកិច្ចអភិវឌ្ឍនៃតំបន់រដ្ឋបាលពិសេសហុងកុង ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ពាណិជ្ជកម្មហុងកុង។
លោក សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះការចំណាយពេលវេលា និងធនធានរបស់គណៈប្រតិភូធុរកិច្ច ដើម្បីធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោកបានឲ្យដឹងថា គណៈប្រតិភូធុរកិច្ច ហុងកុង ពីភាពអំណោយផលនៃបរិយាកាសវិនិយោគ, ស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញ ដែលកត្តាទាំងនេះ បានធ្វើឱ្យកម្ពុជាស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុង រយៈពេលជាង ២ទសវត្សរ៍ ដោយសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧.%ក្នុងមួយឆ្នាំ។ ការវិវឌ្ឍនេះ បានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាប្រកបដោយភាពជឿជាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយឈរលើភាពច្បាស់លាស់នេះ អ្នកវិនិយោគបរទេស បានបណ្តាក់ទុនលើគ្រប់វិស័យ រួមទាំង វិស័យសំណង់។
លោកបញ្ជាក់ថា «ការវិនិយោគរបស់ហុងកុង នៅកម្ពុជា ពីឆ្នាំពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន ២៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ២.១៩%នៃទុនវិនិយោគសរុប»។
សម្រាប់ការវិនិយោគហុងកុងក្នុងឆ្នាំ២០១៦ គឺមានចំនួន១៤គម្រោង ក្នុងផលិតកម្មស៊ីម៉ង់ត៍, កាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូប, កសិឧស្សាហកម្ម, និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៣២០លានដុល្លារអាមេរិក ស្មើនឹង៩.៨៥% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៦ ហើយដែលបានធ្វើឱ្យការវិនិយោគ របស់ហុងកុងស្ថិតក្នុងលំដាប់លេខរៀងទី ៣ បន្ទាប់ពីចិន និងជប៉ុន ក្នុងចំណោមការ វិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០១៦កន្លងទៅ។
លោក Ma Siu cheung បានសម្តែងនូវអំណរគុណចំពោះ បដិសណ្ឋារកិច្ចស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអបអរសាទរចំពោះរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេសដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងមានកំណើនយ៉ាងខ្លាំង។
លោកបានសន្យានឹងខិតខំធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យអ្នកវិនិយោគហុងកុង ឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ច នៃប្រជាជាតិទាំងពីរ៕