(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះឃាត់ខ្លួនស្រ្តីមេឆ្នោត រកស៊ីកត់កន្ទុយលេខជាជនជាតិវៀតណាមម្នាក់ ដែលកំពុងកត់ឆ្នោត នៅក្នុងផ្ទះល្វែងមួយកន្លែង ដាក់បិទបាំងជាផ្លាកឆ្នោតខ្មែរផ្សងសំណាង នៅចំណុចផ្ទះលេខតាមផ្លូវលេខ៤ ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៣៖០០នាទី រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ស្រ្តីជនសង្ស័យមានឈ្មោះ កែវ មុន្នី អាយុ៤៥ឆ្នាំ មុខរបរកត់ឆ្នោតខ្មែរ ស្នាក់នៅផ្ទះខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពេលកំពុងកត់ឆ្នោតវៀតណាមនៅក្នុងផ្ទះ ដោយខ្លួនបានសារភាពដោយកត់ឆ្នោតខ្មែរ មិនស្រូវសល់លុយ ក៏បន្ថែមមុខរបរកត់ឆ្នោតវៀតណាមមួយមុខទៀត ដោយដាក់ផ្លាកនៅមុខផ្ទះ ឆ្នោតខ្មែរងាយស្រួលឈ្នះ។
លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ការចុះបង្ក្រាបនេះបានធ្វើឡើងក្រោមដឹកនាំពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ចាក់អង្រែក្រោម។ បន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដឹងថា ស្រ្តីដាក់ផ្លាកឆ្នោតខ្មែរសងសំណាង តែបង្គាប់ដោយកត់ឆ្នោតយួននោះ កម្លាំងគណៈបញ្ជាការឯកភាព ក្រោមសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្រ្កោបល្បែងកត់ឆ្នោតវៀតណាមខុសច្បាប់ ក៏ធ្វើការឃាត់ខ្លួនបានមេឆ្នោតម្នាក់ និងវត្ថុតាងកត់ឆ្នោតមួយចំនួន។
កម្លាំងបានដកហូតបានវត្ថុតាងរួមមាន៖ ម៉ាស៊ីនគិតលេខចំនួន២ និងលុយ១០៥០០០០(១លាន៥ម៉ឺនរៀល) និងម៉ាស៊ីនព្រីនចំនួន២៕