(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា បានសម្តែងការងឿងឆ្ងល់ម្តងទៀតថា ហេតុអ្វីបានជាគ្រឿងញៀន រួមទាំងភ្លុកដំរី និងកុយរមាស អាចដឹកតាមយន្តហោះមកពីប្រទេសផ្សេងៗបាន ហើយបែរជាត្រូវចាប់បាននៅព្រលានយន្តហោះក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាសាធារណៈបែបនេះ នៅក្នុងទិវាជាតិទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» និងប្រគល់រង្វាន់ជ័យលាភី សម្តេចតេជោ ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង និងខណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនយល់ទេថា ហេតុអ្វីបានជាការដឹកគ្រឿងញៀនមកពីប្រទេសអាមេរិកឡាទីន ឆ្លងកាត់ព្រលានយន្តហោះ ជាច្រើន បែរជាមកចាប់បាននៅប្រទេសកម្ពុជានោះ តើប្រទេសទាំងនោះ ដែលមានបច្ចេកវិទ្យាខ្ពស់ៗ គេធ្វើការយ៉ាងម៉េច? មួយទៀត មានភ្លុកដំរី កុយរមាសច្រើនណាស់ ដែលបញ្ចូលយកមកដល់ប្រទេសកម្ពុជា ខ្ញុំក៏មិនយល់ដែរ តើប្រទេសនានាគេធ្វើការរបៀបម៉េច?»។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យប្រទេសទាំងអស់ រួមគ្នាទប់ស្កាត់ការនាំឆ្លងដែននូវគ្រឿងញៀន និងភ្លក់ដំរីនេះឱ្យបានកាន់តែរឹងមាំឡើង។ សម្តេចបានបន្ថែមថា ប្រទេសខ្លះមានប្រព័ន្ធការពារខ្ពស់ និងល្អជាងកម្ពុជា ប៉ុន្តែបែរជាមានភេរវកម្ម បង្កអសន្តិសុខកាន់តែខ្លាំងទៅវិញ។
លោក ខែក នរិន្ទដា មន្រ្តីទំនាក់ទំនងសាធារណរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិកម្ពុជា បានសម្តែងការអបអរសាទរចំពោះការ អនុវត្តច្បាប់របស់មន្រ្តីសមត្ថកិច្ច នៅព្រលានយន្តហោះ ដែលទប់ស្កាត់បទល្មើសជួញដូរភ្លក់ដំរី និងកុយរមាស ឆ្លងដែនកន្លងមក។ លោកបានថ្លែងថា៖ «យើងអបអរសាទរចំពោះ មន្ត្រីអនុវត្តន៍ច្បាប់ នៅព្រលានយន្តហោះ ចំពោះការបំពេញកាតព្វកិច្ចដ៏ល្អប្រសើរ ក្នុងការការពារសត្វព្រៃនៅកម្ពុជា»។
ទោះបីយ៉ាងណាពាក់ព័ន្ធនឹង ភ្លុកដំរី កុយរមាស ដែលសមត្ថកិច្ចកម្ពុជាចាប់បាននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងដោយសសង្កាត់ធ្ងន់ៗថា កន្លងមកសហរដ្ឋអាមេរិកធ្លាប់បានស្នើឲ្យកម្ពុជា ដុតបំផ្លាញចោល ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលច្រានចោល ហើយបានបញ្ជាឱ្យរក្សាភ្លុកដំរី កុយរមាស និងរបស់កម្រទាំងនោះទុកសម្រាប់ការតាំងពិព័រណ៍បង្ហាញដល់អ្នកជំនាន់ក្រោយ ហើយអាចអនុញ្ញាតឱ្យប្រទេសដទៃខ្ចីយកទៅតាំងបង្ហាញបាន។
សូមបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចក៏បានចុះត្រួតពិនិត្យ និងឆែកឆេរ ភ្លុកដំរី កន្ទុយ ឆ្អឹងខ្លា និងស្រកាពង្រូលក្នុងក្រុមហ៊ុន «អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» ផងដែរ ដែលនាំចូលពីបរទេស។ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញភ្លុកដំរី ចំនួន៦៤០ដុំ ស្មើរនឹងទម្ងន់ ១,៣៦១.៩គីឡូក្រាម ស្រការពង្រួល ទម្ងន់១៣៧.៦គីឡូក្រាម ឆ្អឹងខ្លា ទម្ងន់៨២.៣គីឡូក្រាម និងកន្ទុយដំរី ទម្ងន់៤.៩គីឡូក្រាម សរុបទាំងអស់ ទម្ងន់១,៥៨៦.៧គីឡូក្រាម ដែលឈ្មួញបម្រុងនាំចេញទៅកាន់ប្រទេសចិន៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖