(ភ្នំពេញ)៖ ជុំវិញស្ថានភាពនយោបាយ របស់គណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយ បានធ្វើឲ្យផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ មានភាពមិនច្បាស់លាស់ រហូតដល់លោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងប្រធានបក្ស និងសមាជិកភាពរបស់គណបក្សផងដែរ។ លើសពីនោះទៀត បញ្ហាបេក្ខភាពឈរឈ្មោះបោះឆ្នោត ឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក៏កំពុងជួបប្រទះបញ្ហាយ៉ាងខ្លាំង។
លើកបញ្ហាស្ថានភាពនយោបាយ ដែលកំពុងកើតឡើងនៅលើគណបក្សសង្គ្រោះជាតិនេះ ត្រូវបានលោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាអ្នកអត្ថាធិប្បាយ បានបញ្ចេញទស្សនៈជូនសាធារណជនដូចខាងក្រោម៖
«យើងមិនបានដាក់បណ្តាសារទេ តែយើងបានឃើញលទ្ធផលជាក់ស្តែង ដែលកំពុងកើតមានលើគណបក្សសង្គ្រោះជាតិ នាបច្ចុប្បន្ននេះ និងចាំមើលទៅ មុខទៀតថា តើនឹងមានអ្វីកើតឡើងជាបន្តបន្ទាប់ ?។ ខ្ញុំសូមលើកយកទឡ្ហីករណ៍ពីរ មកបង្ហាញជូនសាធារណជនដើម្បីពិចារណា៖
១៖ បើយើងនិយាយតាមបែបអបិយជំនឿ គឺគណបក្សនេះកំពុងតែទទួលរងនូវផលកម្មរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមកហើយ ដូចជាការបំពាន ពាក្យសម្បថ ការបំពានពាក្យសន្យា ការបោកប្រាស់ទឹកចិត្តអ្នកគាំទ្រ ការជេរប្រមាថ។ល។
២៖ តាមលក្ខណៈវិទ្យាសាស្ត្រវិញគឺគេហៅថា មារយាទ ឬសារជាតិមនុស្សដែលធ្លាប់តែប្រកាន់យកនូវវប្បធម៌អញនិយមរៀងខ្លួន ទស្សនៈនយោបាយ នៅជ្រុងម្ខាងម្នាក់ ប្រៀបដូចទឹកនិងប្រេង ហើយបែរជាមកបង្កើតបក្សនយោបាយជាមួយគ្នា តើធាតុពីរនេះអាចចូលគ្នាបានទេ?។
ក្នុងបរិបទនេះយើងដឹងហើយថា គណបក្សសង្គ្រោះជាតិ គឺកើតឡើងដោយការបញ្ចូលគ្នារវាងការគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ ប៉ុន្តែក៏ទោះបីជាការចូលគ្នាបង្កើតគណបក្សថ្មី ក៍ដោយក៍គេនៅតែរក្សាគណបក្សចាស់ នៅក្នុងបញ្ជី ក្រសួងមហាផ្ទៃដដែល ហើយទ្វារគណបក្សចាស់ នៅបើកចំហចាំទទួលប្រធានគេរៀងៗខ្លួនដដែលទេ។
ឯគណបក្សសង្គ្រោះជាតិគ្រាន់ជា ឈ្មោះថ្មីចុះបញ្ជីក្រសួងមហាផ្ទៃ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ តែមនុស្សក្នុងគណបក្ស ត្រូវបែកចែកកូតា បែងចែកនិន្នាការ ជាក្រុមជាពួក និងមានប្រព័ន្ធការងារកុងសង់ស៊ីស តាមបែបត្រឹមតែជាសម្ពន្ធភាពនយោបាយយ៉ាងច្បាស់មិនមែន ជាប្រព័ន្ធការងារគណបក្សមួយដែល ឈរលើគោលការណ៍រួមឡើយ។
ស្ថានភាពជាក់ស្តែងបច្ចុប្បន្ននេះ យើងឃើញថា គណបក្សសង្គ្រោះជាតិ គ្មានអ្វីត្រូវធ្វើក្រៅតែពីខិតខំប្រឹងបិទបាំងរឿងអាស្រូវ របស់មនុស្សខ្លួនផង ខំទប់ជំហរដែលកំពុងតែរកកល នឹងដួលនៃសម្ព័ន្ធភាពនយោបាយតាំងពីលើដល់ក្រោមផង ដើម្បីបានបន្តជំហានទាំងត្រដាបត្រដួស ឲ្យបានដល់ថ្ងៃ បោះឆ្នោតដូចដែលលោក សម រង្សី បាននិយាយប្រាប់លោក យឹម សុវណ្ណ តាមទូរស័ព្ទនាពេលថ្មីៗនេះតែប៉ុណ្ណោះ។
ហេតុផលនេះ សូមអ្នកបម្រើ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មេត្តាគិតពិចារណាឲ្យបានល្អិតល្អន់ បើមិនអីចឹងទេប្រយ័ត្ន ខកខ្លួនជាមួយនយោបាយ ផ្សងព្រេងគ្មានទំនុកចិត្ត និងគ្មានគោលដៅច្បាស់លាស់ របស់គណបក្សសង្គ្រោះជាតិ៕