(ភ្នំពេញ)៖ អ្នកជំនាញរបស់អង្គការ JICA បានសិក្សាឃើញថា ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមួយផ្នែកធំបង្ក ឡើងដោយអត្តចរិតរបស់អ្នកបើកបរ ការប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវមិនបានត្រឹមត្រូវ និងការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ កំពុងកើនឡើងខ្លាំង។ អ្នកជំនាញបានមើលឃើញថា បើខ្វះយន្តការអប់រំប្រជាពលរដ្ឋក្នុងការបើកបរឲ្យបានត្រឹមត្រូវតាមច្បាប់និងមិន បង្កើតឲ្យមានសេវាដឹកជញ្ជូនសាធារណៈបានច្រើនទេនោះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ នឹងកកស្ទះកាន់តែខ្លាំងនាពេលប៉ុន្មានឆ្នាំ ខាងមុខនេះ។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់បានថ្លែងឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានរថយន្តជាង៤០ម៉ឺន គ្រឿង ម៉ូតូប្រមាណ ១លាន ៤សែនគ្រឿង និងមានប្រជាពលរដ្ឋរស់នៅជិត ៣លាននាក់។ ព្រោះតែកំណើនយានយន្ត និងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញមមាញឹកខ្លាំង ហើយបើគ្មានការអន្តរាគមន៍ពីកម្លាំងនគរបាលចរាចរណ៍ ត្រឹមតែ ៣០នាទី គោលដៅសំខាន់ៗ ១៨២គោលដៅនឹងកើតការកកស្ទះចរាចរណ៍ភ្លាម។

លោកអភិបាលបានគូសបញ្ជាក់ថា ការកកស្ទះនេះ បណ្តាលមកពីកត្តាយានយន្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង កត្តាអ្នកបើកបរ។

ទីភ្នាក់ងារ JICA នៅកម្ពុជា បានចូលរួមសិក្សាច្រើនទៅលើបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៤ ហើយក៏បានផ្តល់ អនុសាសន៍ជាច្រើនដល់សាលារាជធានីភ្នំពេញ ក្នុងការដោះស្រាយលើបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន។ក្នុងមហោស្រព គីហ្សូណា ដែលទើបបិទបញ្ចប់នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ JICA បានយកវីដេអូ ដែលចងក្រងឡើងអប់រំពីបញ្ហា ចរាចរណ៍ទៅផ្សព្វ ផ្សាយដល់សិស្ស និស្សិត ក៏ដូចជាពលរដ្ឋពលរដ្ឋកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយការកកស្ទះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ជាពិសេសបំផុសឲ្យមានការប្រើប្រាស់រថយន្តក្រុង ជំនួសមធ្យោបាយផ្ទាល់ខ្លួន។

លោក អ៉ីវ៉ាសេ ហ៊ីដេអាគិ ទីប្រឹក្សារៀបចំគម្រោងទីភ្នាក់ងារ JICA នៅកម្ពុជា បានគូសបញ្ជាក់ថា ការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន គឺដោយសារតែអត្តចរិតរបស់អ្នកបើកបរមិនទាន់ច្បាស់លាស់ទាក់ទងទៅនិងច្បាប់ ការបំពានច្បាប់ បំពានស្លាក និងភ្លើងសញ្ញា ចរាចរណ៍ជាដើម។

ក្នុងនោះបញ្ហាប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធមានសភាពតូចចង្អៀតមិនសមាមាត្រកំណើនរថយន្ត និងការប្រើប្រាស់ផ្លូវមិនបានត្រឹមត្រូវ ដូចជាការចតយានយន្តនៅតាមចិញ្ចើមផ្លូវសុទ្ធសឹងជាការនាំឲ្យរាជធានីភ្នំពេញកកស្ទះចរាចរណ៍។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក អ៉ីវ៉ាសេ ហ៊ីដេអាគិ។

លោក អ៉ីវ៉ាសេ ហ៊ីដេអាគិ បានឲ្យដឹងថា នៅក្នុងប្រទេសជប៉ុន ក្រោយសង្រ្គាមលោកលើកទី២ និងស្របពេលកំណើនសេដ្ឋកិច្ចជប៉ុន កើនឡើងនោះ ក៏បានធ្វើឲ្យចរាចរណ៍ ជាពិសេសក្នុងទីក្រុងតូក្យូ ក៏មានស្ថានភាពដូចក្នុងរាជធានីភ្នំពេញនេះផងដែរ។ បន្ទាប់ពីជួប ស្ថានភាព បែបនោះ រដ្ឋាភិបាល ក៏ចាប់ផ្តើមដាក់ចេញយុទ្ធនាការអប់រំប្រជាពលរដ្ឋពីច្បាប់ចរាចរណ៍ និងបានបង្កើនសេវាសាធារណៈ ឲ្យបានកាន់តែ ច្រើន និងបំផុសប្រជាពលរដ្ឋឲ្យបង្វែមកប្រើប្រាស់សេវាសាធារណៈនេះ។

ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះ លោក អ៉ីវ៉ាសេ ហ៊ីដេអាគិ បានស្នើដល់រាជរដ្ឋាភិបាលជំរុញបញ្ជ្រាបការយល់ដឹងលើច្បាប់ ចរាចរណ៍ និងការប្រើប្រាស់ផ្លូវដល់ប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្តូរទម្លាប់ដូចពេលបច្ចុប្បន្ន។ ជាពិសេសត្រូវពង្រីកសេវាដឹក ជញ្ជូនសាធារណៈក្នុង រាជធានីភ្នំពេញ ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីឆ្លើយការកកស្ទះចរាចរណ៍នេះ។

អ្នកជំនាញជនជាតិជប៉ុនរូបនេះ ក៏បានស្នើឲ្យសាលារាជធានីភ្នំពេញ ពិចារណាបង្កើតផ្លូវថ្មើរជើង និងចំណតសាធារណៈឲ្យបានច្រើន ផងដែរ សម្រាប់ការចតយានយន្ត ដែលប្រើប្រាស់ផ្ទាល់ខ្លួន ព្រោះការខ្វះចំណតនេះ ក៏ជាបញ្ហានាំដល់ការកកស្ទះចរាចរណ៍ផងដែរ៕