(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចចម្រុះមាន មន្រ្តីប្រចាំការប៉ុស្តិ៍ព្រំដែន មន្ត្រីមន្ទីរពាណិជ្ជកម្ម មន្រ្តីគយ កងកម្លាំង បានចុះត្រួតពិនិត្យមើលទំនិញដែលនាំចូលមានបន្លែ ផ្លែឈើ ត្រីសាច់ ជាពិសេសម្ហូបអាហារដែលនាំចូលពីប្រទេសថៃ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា សមត្ថកិច្ចជំនាញជំនាញ បានសហការជាមួយសមត្ថកិច្ចចម្រុះ បានបន្ត និងកំពុងធ្វើការត្រួតពិនិត្យជាប្រចាំនៅគ្រប់ទីកន្លែង ពិសេសតាមបណ្តាច្រកព្រំដែន កម្ពុជា-ថៃ និងបានបញ្ជាដល់មន្រ្តីកាំកុងត្រូល ដែលប្រចាំការគ្រប់មាត់ច្រកព្រំដែន ក៏ដូចជា តាមទីផ្សារនានា ទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀតក្នុងការត្រួតពិនិត្យ នូវទំនិញដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព។
លោកថា «ក្នុងកិច្ចសហការត្រួតពិនិត្យទំនិញ នាំចូលពីប្រទេសថៃនេះ ជាលទ្ធផលសមត្ថកិច្ចជំនាញយើង ត្រួតពិនិត្យលើទំនិញទាំងនោះ ពុំឃើញមានសារធាតុហាមឃាត់នោះទេ»។
លោកប្រធានក៏បានសំណូមពរដល់អាជីវករកុំឲ្យនាំចូលទំនិញ ជាពិសេសម្ហូបអាហារណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវ មានសារធាតុគីមីហាមឃាត់។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញទំនិញយកទៅបិរភោគឬប្រើប្រាស់ សូមពិចារណា និងពិនិត្យមើលទំនិញនោះឲ្យបានហ្មត់ចត់ជាមុនសិន ជៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់យើងទាំងអស់គ្នា៕