(ភ្នំពេញ)៖ គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានរៀបចំកិច្ចប្រជុំដាក់ផែនការ សកម្មភាពសហប្រតិបត្តិការអន្ដរជាតិមួយ ដើម្បីរៀបចំគាំទ្រដល់ការអនុវត្តផែនការស្ដី ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកដោយប្រសិទ្ធិភាព និងទទួលបានជោគជ័យ។
ការរៀបចំកិច្ចនេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក កៅ ខុនដារ៉ា អនុប្រធានគណៈកម្មការជម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូប។
ផ្អែកលើកិច្ចប្រជុំផែនការ សកម្មភាពសហប្រតិបត្តិការអន្ដរជាតិនេះ គណៈកម្មការជម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវយុទ្ធសាស្រ្ដចំនួន៣ គោលបំណង៤ និងសកម្មភាពចំនួន១១ ដើម្បីឲ្យក្រសួងស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនជាប់ព្រំដែនរួមមាន៖
ទី១៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្ដរជាតិជាមួយដៃគូទ្វេភាគី ពហុភាគី និងអង្គការជាតិនានា ដើម្បីក្ដាប់សភាពការណ៍ និន្នាការ ខ្សែរយៈ បែបផែនសកម្មភាព សំដៅបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលរាល់ ការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់។
ទី២៖ យកចិត្តទុកដាក់លើកកម្ពស់ កិច្ចសហប្រតិបត្តិការអង្គភាពជំនាញ ខេត្តជាប់ព្រំដែន និង BLO ឲ្យមានប្រសិទ្ធិភាព និងនិរន្ដភាពនៃការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងដែន។
ទី៣៖ កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន ចារកម្មនៃករណីគ្រឿងញៀន ជាមួយស្ថាប័នអនុវត្តច្បាប់ នៃបណ្ដាប្រទេសនានា ជាពិសេសបណ្ដាប្រទេស ដែលជាប្រភពនៃការនាំចូលគ្រឿងញៀន ឆ្លងកាត់ប្រទេសកម្ពុជា និងអង្គការអន្ដរជាតិនានា ដើម្បីមានវិធានការក្នុងការបង្រ្កាបអង្គការចាត់តាំង ឬបណ្ដាញជួញដូរគ្រឿងញៀន ជាអន្ដរជាតិឲ្យដល់ឬគល់។
ការដាក់ចេញនូវយុទ្ធសាស្រ្ដទាំង៣នេះដើម្បី ពង្រឹង កិច្ចសហប្រតិបត្តិការឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន ការហូរចូលគ្រឿងញៀន ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាប់ព្រំដែន និងប្រទេសផ្សេងៗ ដើម្បីក្ដាប់ពីសភាពការណ៍ និងនិន្នាការនៃការចរាចរណ៍គ្រឿងញៀន។
ដើម្បីឲ្យផែនការសកម្មភាពខាងលើ អនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធិភាព គណៈកម្មការសហប្រតិបត្តិការអន្ដរជាតិ ក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តជាប់ព្រំដែន ត្រូវចាត់ចែងអនុវត្តនូវគោលការណ៍ដូចជា៖
* គណៈកម្មការទទួលបន្ទុក សហប្រតិបត្តិការអន្ដជាតិ ត្រូវមានលេខាធិការដ្ឋានមួយ ដើម្បីសម្របសម្រួលទទួលរបាយការណ៍ប្រចាំថ្ងៃ សប្ដាហ៍ ខែ និងធ្វើការបូកសរុប វាយតម្លៃ ផ្ដលយោបល់ ដើម្បីតម្រង់ទិសក្នុងការអនុវត្ត និងការសសើរ ជូនរង្វាន់លើកទឹកចិត្ត។
* អគ្គលេខាធិការដ្ឋាន ត្រូវចូលរួម និងសហប្រតិបត្តិការជាមួយគ្រប់ក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធគណៈកម្មាធិការត្រួតពិនិត្យគ្រឿញៀន ខេត្តជាប់ព្រំដែន ដើម្បីជាជំនួយបច្ចេកទេស ក្នុងការធ្វើសកម្មភាព ដូចបានកំណត់ក្នុងផែនការ។
* ក្រសួង ស្ថាប័ន អង្គភាពជាសមាជិក និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តជាប់ព្រំដែន ទាំងអស់ ត្រូវធ្វើការបូកសរុបពីលទ្ធផលការងារជាប្រចាំថ្ងៃ និងផ្ញើមកកាន់លេខាធិការដ្ឋាន នៃគណៈកម្មការត្រឹមម៉ោង៤៖០០រសៀល រៀងរាល់ថ្ងៃ។
* ក្រសួង ស្ថាប័ន អង្គភាពជាសមាជិក និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តជាប់ព្រំដែន ត្រូវរៀបចំថវិកា មធ្យោបាយ និងធនធានមនុស្សឲ្យបានសមស្របទៅតាមសកម្មភាពស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួន។
* សមាជកគណៈកម្មការ និងប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន គណៈកម្មការ រៀងរាល់ខែ។
* គ្រប់ក្រសួងស ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្ត ខណ្ឌ ស្រុក ក្រុង ឃុំ សង្កាត់ ជាប់ព្រំដែន ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕