(ភ្នំពេញ)៖ យោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌទួលគោក ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាព ខណ្ឌទួលគោក បានបង្ក្រាបគ្រឿងញៀន៣០ករណី ឃាត់ខ្លួន៤២នាក់ ក្នុងនោះប្រុស៣៥នាក់ ស្រី៧នាក់ ដោយមានអនីតិជន៤នាក់ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមវត្តមានលោកស្រី ញ៉ែម មុំ តំណាងឲ្យលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក កូប ស្លេះ អភិបាលរងខណ្ឌទួលគោក។
យោងតាមរបាយការណ៍ «ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះមាននៅក្នុងសង្កាត់បឹងកក់១ ចំនួន១២ករណី, បឹងកក់២ចំនួន៦ករណី, ផ្សារដេប៉ូ២ ចំនួន៥ករណី, បឹងសាឡាងចំនួន៤ករណី, ផ្សារដេប៉ូ៣ ផ្សារដើមគរ និងសង្កាត់ទឹកល្អក់ទី៣ ក្នុង១សង្កាត់ មានចំនួន១ករណី»។
ក្នុងនោះ ដកហូតម្សៅក្រាមសថ្លា១៥៥កញ្ចប់ (ធំ២ តូច១៥៣) ម៉ូតូ៣គ្រឿង ទូរស័ព្ទ១២គ្រឿង កាបូបលុយ២ លុយ២៤ម៉ឺន៩ពាន់រៀល កូនពិល១ កូនកាំបិត១ និងសម្ភារពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោក អ៊ិត ជំនិត នាយករដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ថា ក្នុងករណីគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅសាសាដំបូងរាជធានីភ្នំពេញ៣៩នាក់ បញ្ជូនទៅមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារយុវនីតិសម្បទារាជធានីភ្នំពេញ៣នាក់ ជាអនីតិជន។
ចំពោះការងាររដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺវិធានការបង្ការទប់ស្តាត់ និងបង្ក្រាបក្មេងទំនើងបាន៨លើក ដោយឃាត់ខ្លួន មនុស្ស២០នាក់ ដកហូតម៉ូតូ៤គ្រឿង ទូរស័ព្ទ១គ្រឿង កាំបិតតាំងតោ១ ពីបទបង្កសកម្មភាពអុកឡុក ធ្វើឲ្យបាត់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ នាព្រឹកនោះដែរក៏មានការប្រកាសនូវលិខិតបង្គាប់ការរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ស្តីពីការតែងតាំងលោក គង់ កាម៉ាច មន្ត្រីរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ឲ្យមកបំរើការងារនៅការិយាល័យព័ត៌មាន ខណ្ឌទួលគោក ដែលនៅក្នុងលិខិតបង្គាប់ការនោះ គឺលោក គង់ កាម៉ាច មានភារកិច្ចសហការអនុវត្តការងារក្រោមការដឹកនាំ របស់សាលាខណ្ឌទួលគោក ឲ្យបានល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ លោកស្រី ញ៉ែម មុំ ក៏បានជំរាបជូនសមាជិកសមាជិកាអង្គប្រជុំ សាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ បានជ្រាបថា នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ទិវានារីអន្តរជាតិ៨មិនា ខួបលើកទី១០៦ នឹងមកដល់ដែលឆ្នាំនេះមានប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។
លោកស្រ្តីបញ្ជាក់ថា «នៅក្នុងឱកាសទិវានេះ នារីនៅតាមអង្គភាពស្ថាប័នផ្សេងៗ តែងតែត្រូវបានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត ពីថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងនោះនៅសាលាខណ្ឌទួលគោកយើងនេះ នារីក៏ត្រូវបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកស្រី ក៏បានអំពាវនាវបន្ថែមទៀត សូមឲ្យថ្នាក់ដឹកនាំគ្រប់អង្គភាព បន្តយកចិត្តទុកដាក់ដល់បងប្អូននារីយើងបន្ថែមទៀត ដើម្បីឲ្យនារី បានចូលរួមនៅគ្រប់កិច្ចការសង្គម»៕