(ភ្នំពេញ)៖ ស្ត្រីមេតុងទីនម្នាក់ត្រូវ បានកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនតាមបណ្ដឹងរបស់កូនតុងទីនជាង១០នាក់ ក្នុងចំណោមជាង១០០នាក់ លើករណីរំលោភសេចក្ដីទុកចិត្ត ដោយគិតជាសាច់ប្រាក់មានចំនួនជាង៧ម៉ឺនដុល្លារ។ ករណីនេះត្រូវគេទម្លាយថា បាន និងកំពុងមានអ្នករត់ការឆ្វេចឆ្វាចដើម្បីធានាខ្លួនស្រ្តីមេតុងទីនរូបនេះហើយ។
លោកអនុសេនីយ៍ទោ ម៉េង សារ៉ាត់ នាយនគរបាលប៉ុស្ដិ៍ព្រែកតាសេក បានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីមេតុងទីនខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១ ៧ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បន្ទាប់ពីស្ត្រីជាមេតុងទីន បានព្យាយាមគេចវេសពីកូនតុងទីន ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃកើតហេតុខាងលើ។
លោកមេប៉ុស្តិ៍ បានបន្តទៀតថា ពេលនោះកូនតុងទីនទាំងជាង១០នាក់ ក្នុងចំណោមជាង១០០នាក់ បានឃើញមេតុងទីន ត្រឡប់មកផ្ទះវិញ ក៏លើកគ្នាដើម្បីទៅសួរនាំ ស្រាប់តែបង្កទៅជាការឈ្លោះប្រកែកគ្នាមួយប្រាវ រហូតមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ដើម្បីឈានទៅឃាត់ខ្លួនស្ត្រីជាមេតុងទីន តាមបណ្ដឹងរបស់កូនតុងទីនទាំងជាង១០នាក់ ក្នុងចំណោម១០០នាក់ លើករណីរំលោភសេចក្ដីទុកចិត្ត ក្នុងតម្លៃទឹកប្រាក់៧៥៣២២ដុល្លារ។
បច្ចុប្បន្ន ស្ត្រីជាមេតុងទីនត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕