(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងជាអភិបាល ខេត្តសៀមរាប និងភរិយា បានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ដែលស្ថិតនៅភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង (ជាប់ផ្លូវជាតិលេខ៦) នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
កម្មវិធីខាងលើនេះមានការចូលរួមពីសមាជិក ចូលរួមក្នុងពិធិ អញ្ជើញមកទាំងមន្ទីរអង្គភាព អ្នកមុខអ្នកការ មន្ត្រីរាជការ ជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋតំណាង ឃុំទាំង១២ ក្នុងស្រុកជីក្រែង អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបជាង៦០០នាក់។
ឱកាសនោះលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា បានថ្លែងឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ដ៏ថ្មីស្រឡាងគឺជាសមិទ្ធិផលទី៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ អគារនេះទទួលបានការ ឧត្តមគាំទ្រថវិកា ដោយផ្ទាល់ពីលោក និងភរិយា ដែលត្រូវបានដំណើរការសាងសង់តាំងពីខែមេសា និងរួចរាល់ជាស្ថាពរ នៅខែសីហា ឆ្នាំ២០១៦ ។ អាគារនេះមានបណ្ដោយ ១៦ម៉ែត្រ ទទឹង ៧ម៉ែត្រ ភ្ជាប់នឹងយ៉ខាងមុខ បណ្ដោយ៦ម៉ែត្រ និងទទឹង៤ម៉ែត្រ មានក្រឡាសរុប ១៣៨ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ ១២៩០ម៉ែត្រការ៉េ។
ការឧបត្ថម្ភរបស់ លោក ឃឹម ប៊ុនសុង និងភរិយា នាពេលនេះ គឺដើម្បីអបអរសាទរថ្ងៃខួបកំណើត៦២ឆ្នាំ នាថ្ងៃទី១៨ ខែកុម្ភៈ ១៩៥៥- ថ្ងៃទី១៨ ខែកុម្ភៈ ២០១៧ និងដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្ត ឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។
លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអភិបាលខេត្ត បានរំលឹក និងផ្ដល់អនុសាសន៍ មួយចំនួនដល់ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង សូមយកចិត្តទុក្ខដាក់ ប្រើប្រាស់ និងថែរក្សាអគារទីស្នាក់ការ នេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ក្នុងសង្គម ក្នុងវិស័យមនុស្សធម៌ និងសូមបន្តការយក ចិត្តទុកដាក់បំពេញនូវតួនាទីជាគណៈអភិបាលដឹកនាំ ក្រុមកាកបាទក្រហមឃុំ អ្នកស័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ឲ្យបំពេញការងារមនុស្សធម៌ ស្របតាមគោការគ្រឹះទាំង៧ នៃចលនាងអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម ដើម្បីចូលរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ និងឲ្យប្រសើរឡើង នូវជីវភាពរស់នៅ របស់ជនងាយរងគ្រោះ។
ជាមួយគ្នានោះដែរ សប្បុរសជនដែលចូលរួម ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែនេះ បានចូលរួមថវិកា សរុបប្រមាណ៤,៨៩០ដុល្លាអាមេរិក និង ២,០០០,០០០ រៀល និងបានប្រគល់ជូនអនុសាខា ស្រុកជីក្រែង ដើម្បីចាត់ចែងនិង ទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។ លោកបណ្ឌិតក៏បានប្រគល់ផ្ទះគំរូចំនួន៤ ជូនក្រុមគ្រួសារងាយរងគ្រោះ និងក្រីក្រ ដែលរស់នៅក្នុងស្រុកជីក្រែងនេះផងដែរ។
អង្គពិធីបានឧបត្ថម្ភដល់តាជី យាយជី ២០នាក់ ម្នាក់ៗទទួលបាន សំពត់ស១ដុំ និងថវិកា ២ម៉ឺនរៀល, ប្រជាពរដ្ឋ៣០០នាក់ ម្នាក់ៗ ទទួលបាន សារុង១, អ្នកស្ម័គ្រចិត្ត ៥០នាក់ ម្នាក់ៗទទួលបាន សារុង១, យុវជនកាកបាទក្រហមកម្ពុជា៥០នាក់ និងសិស្សានុសិស្សា ម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា ១ម៉ឺនរៀល។ បន្ទាប់មកគណៈអធិបតី ក៏បានអញ្ជើញទៅមើលអណ្ដូងទឹក អនាម័យជាជំនួយរបស់ សប្បុរសជននៅក្នុងខេត្ត ដែលបានផ្ដល់ជូន ប្រជាពលរដ្ឋនៅក្នុងស្រុកជីក្រែងនេះផងដែរ៕