(ភ្នំពេញ)៖ សមយុទ្ធទ្រង់ទ្រាយធំមួយ លើការជួយសង្គ្រោះករណីធ្លាក់យន្តហោះ (AIRPEX16) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រៃទីទុយ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដែលមានចង្ងាយ៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ពិធីសមយុទ្ធដ៏ធំនេះ បានធ្វើឡើងក្រោមវត្តមាន លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីកងកម្លាំង នៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។
យោងតាមរបាយការណ៍ នៃការធ្វើលំហាត់សមយុទ្ធនេះ បានបង្ហាញថា ស្ថាប័ន អង្គភាព និងសមត្ថកិច្ចដែលបានចូលរួមលំហាត់សមយុទ្ធនេះ លក្ខណៈទ្រង់ទ្រាយធំនេះរួមមាន៖ កម្លាំងយោធានៅកងពលតូចលេខ៧០, កងទ័ពឆ័ត្រយោងលេខ៩១១, កងកម្លាំងពិសេសប្រឆាំងភេរវកម្ម, កងទ័ពជើងអាកាស, មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យកងពលតូចលេខ៧០, មន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ កាកបាទក្រហមកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋាន សរុបរាប់រយនាក់។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ និងជាប្រធានក្រុម៧១១ នៃកងពលតំណាងឲ្យលោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានដឹកនាំកម្លាំងចូលរួមលំហាត់សមយុទ្ធនេះ បានថ្លែងថា សម្រាប់លំហាត់សង្គ្រោះការធ្លាក់យន្តហោះនេះ កម្លាំងប្រតិបត្តិការ បានរៀបចំរូបភាពដូចជា៖ មេបញ្ជាការអាកាសយន្តបានរាយការណ៍ថា មានភ្លើងឆេះម៉ាស៊ីនខាងស្តាំ មិនអាចគ្រប់គ្រងបានហើយក៏បាត់ការកទាក់ទង។ ប្រភេទយន្តហោះ ATR72 មានអ្នកដំណើរ និងក្រុមយានិកសរុបទាំងអស់៧០នាក់ និងមានប្រេង៤២០០លីត្រ។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា នៅពេលមានហេតុការណ៍នេះកើតឡើង លំហាត់សមយុទ្ធបាបរៀបចំការជួយសង្គ្រោះដូចខាងក្រោមនេះ៖
- ទីបញ្ជាការហោះហើរ ផ្ដល់ព័ត៌មានឲ្យក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យប្រកាសអាសន្នកម្រិត២។ ក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យត្រៀមបម្រុង
- ទីបញ្ជាការហោះហើរចាប់ផ្ដើមប្រកាសអាសន្ន តាមនីតិវិធីទៅដល់រដ្ឋលេខាធិការដ្ឋាន អាកាសរស៊ីវិល និងផ្នែកប្រតិបត្តិការអាកាសយានដ្ឋាន
- យន្តហោះបានធ្លាក់នៅចម្ងាយប្រហែល៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន
- អ្នកភូមិបានឃើញយន្តហោះធ្លាក់
- ទីបញ្ជាការហោះហើរ បានផ្ដល់ព័ត៌មាន ប្រកាសអាសន្នកម្រិត៣ ដល់ក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យ(យន្តហោះធ្លាក់)
- អាជ្ញាធរដែនដីភូមិព្រៃទីទុយបានរាយការណ៍ ទៅកាន់អភិបាលខណ្ឌដង្កោ អំពីករណីយន្ដហោះធ្លាក់
- អភិបាលខណ្ឌដង្កោរាយការណ៍ ទៅកាន់អភិបាលរាជធានីភ្នំពេញ អំពីករណីយន្តហោះធ្លាក់នៅភូមិព្រៃទីទុយ សង្កាត់ព្រៃស
- អាជ្ញាធរ ដែនដីចាប់ផ្ដើមធ្វើអន្តរាគមន៍ ដោយមានការចូលរួមពីកងកម្លាំងនានាក្នុងមូលដ្ឋាន
- ក្រុមហ៊ុន សម្បទានអាកាសយានដ្ឋានបាន បញ្ជូនក្រុមរថយន្តពន្លត់អគ្គិភ័យ និងសម្ភារផ្គត់ផ្គង់ទៅកន្លែងកើតហេតុ
- មជ្ឈមណ្ឌលគ្រប់គ្រង់គ្រោះអាសន្នត្រូវបានបើកឲ្យដំណើរការដោយអាជ្ញាធរអាកាសយានដ្ឋាន
- កងពលតូចលេខ៧០បានបញ្ជូនក្រុមអគ្គិភ័យ និងភ្នាក់ងារសង្គ្រោះបន្ទាន់ទៅកន្លែងកើតហេតុ
- កងឆ័ត្រយោង ៩១១ កងពលតូចលេខ៧០ កងប្រឆាំងភេវកម្ម និងកងទ័ពអាកាសបានបញ្ជូនកម្លាំងទៅកន្លែងកើតហេតុ
- កាកបាទក្រហមស្ម័គ្រចិត្ត និងក្រសួងសុខាភិបាល បានបញ្ជូលក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យជំនាញទៅ កន្លែងកើតហេតុ
- ក្រុមពន្លត់អគ្គិភ័យនគរបាលរាជធានីភ្នំពេញ និងកងពលតូចលេខ៧០ បានមកដល់កន្លែងកើតហេតុ ហើយចាប់ផ្ដើមប្រតិបត្តិការពន្លត់អគ្គិភ័យ
- ក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យអាកាសយានដ្ឋានបានមកដល់កន្លែងកើតហេតុ។
សម្រាប់លំហាត់សមយុទ្ធជួយសង្គ្រោះការធ្លាក់យន្តហោះនេះ ក៏មានជនរងគ្រោះដែលត្រូវគេរៀបចំឲ្យដើរតួជាអ្នកស្លាប់ របួសធ្ងន់ និងរបួសស្រាលផងដែរ៕