(សៀមរាប)៖ កិច្ចប្រជុំផ្លូវការលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee GBC) កំពុងដំណើរការ ដោយពិភាក្សាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំង២ កាន់តែខ្លាំងឡើងលើកិច្ច រក្សាសន្តិភាពតាមព្រំដែន ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ ទាំងភាគីកម្ពុជា និងភាគីថៃជាច្រើននាក់ទៀតចូលរួម។
កិច្ចប្រជុំធំនេះ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ រៀបចំធ្វើ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារ Angkor Cenutry Resort and Spa នៅខេត្តសៀមរាប។
កិច្ចប្រជុំ GBC បានធ្វើឡើង ក្នុងគោលដៅដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ពិសេសក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំង២ ដើម្បីទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែនរួមមាន៖ បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំងពីរ នឹងពុះពារស្វែងរកដំណោះស្រាយ និងមានវិធានការទប់ស្កាត់ ដើម្បីរក្សា និង ធានាបាននូវស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍន៍ នៅតាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំងពីរ៕