ពលរដ្ឋ រស់នៅឃុំខ្នុរដំបង ត្រេរអរយ៉ាងខ្លាំង ដែលទទួលការឧបត្ថម្ភជួសជុលផ្លូវមួយខ្សែរប្រវែង១,៧៥០ម៉ែត្រ ពីបណ្ឌិតម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ
27-02-2017 14:55
(កំពង់ចាម)៖ ប្រជាពលរដ្ឋដែលរស់នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ មានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលទទួលបានការឧបត្ថម្ភថវិកា សម្រាប់ការជួសជុលផ្លូវ ប្រវែង១,៧៥០ម៉ែត្រ ពីបណ្ឌិតម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ និងសហការី។
ការបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមមួយខ្សែប្រវែង១,៧៥០ម៉ែត្រ នៅភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ បានរៀបចំពិធីបើកការដ្ឋាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល យុវជនចុះជួយស្រុកជើងព្រៃ និងមានវត្តមានចូលរួមដោយ ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គនៃវត្តប្រាសាទរង្សី លោកគួច ចំរើន អនុប្រធានគណកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម និងអ្នកចូលរួមជាច្រើនទៀត នៅស្រុកជើងព្រៃ។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋការស្វាគមន៍ មានភាពត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំងពី ប្រជាពលរដ្ឋទាំងអស់នៃឃុំខ្នុរដំបង ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយស្រុកជើងព្រៃ និងសហការី ដែលបានឧបត្ថម្ភថវិកាជួសជុលផ្លូវមួយខ្សែនេះ ព្រោះផ្លូវនេះជាផ្លូវស្នូលក្នុងការធ្វើដំណើរឆ្លងកាត់នៃឃុំទាំងបួនគឺ ឃុំខ្នុរដំបង ឃុំសូទិព្វ ឃុំផ្ដៅជុំ និងឃុំគោករវៀង ដោយនៅរដូវវស្សាប្រជាពលរដ្ឋ សិស្សានុសិស្សមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅវិញទៅមក៕