(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងស្នើឲ្យប្រជាពលរដ្ឋ ដំាបន្លែ និងការចិញ្ចឹមសត្វ បែបធម្មជាតិ ដើម្បីយកមកផ្គត់ផ្គង់ នៅតាមភោជនីយដ្ឋាន និងសណ្ឋាគារដែលបំរើសេវាកម្ម នៅតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេស។ បន្ថែមពីលនេះសម្តេចតេជោ បានថ្លែងថា ភ្ញៀវទេសចរ ក៏នឹងមិនចង់មកឃើញប្រទេសមានបរិស្ថានពុល កខ្វក់ និងក្លិនស្អុយ នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ អញ្ជើញជាអធិបតីភាព នៅក្នុងទិវាជាតិទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាតផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» និងប្រគល់រង្វាន់ជ័យលាភី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង និងខណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា « ខ្ញុំសុំលើកឡើងបន្តិចថា ទេសចរ គេមិនប្រថុយប្រថាល់ មកស្រូបយកធាតុអាកាស ក្លិនស្អុយ នៅតាមបណ្តាទីក្រុង និងទីប្រជុំជន ក៏ដូចជារមណីយដ្ឋានានានោះទេ គឺគេពិតជាត្រូវការការសប្បាយរីករាយ និងម្ហូបអាហារល្អសម្រាប់ពួកគេ ខ្ញុំគិតថា ប្រហែលជាយើងត្រូវគិតបន្ថែម ជាមួយនឹងការដាក់ចូលនឹងលក្ខខណ្ឌ សម្រាប់វិនិច្ឆ័យបន្ថែមទៀត ប្រសិនបើអាចធ្វើទៅបាន ខ្ញុំយល់ថា វាជាការត្រឹមត្រូវ នោះគឺនៅត្រង់ថា គួរតែមានខ្សែក្រវ៉ាត់ខៀវ នៅតំបន់ទេសចរណ៍។ អ្វីទៅជាខ្សែក្រវ៉ាត់ខៀវ ខ្ញុំមានទស្សនទាយថា នៅតំបន់ទេសចរណ៍ទាំងអស់ មានការផលិតជាបន្លែបង្ការ ការដាំដុះ និងការចិញ្ចឹមសត្វ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីតំរង់ឆ្ពោះ ផ្គត់ផ្គង់ទៅឲ្យនៅតាម បណ្តាសណ្ឋាគារ ចំណុចនេះ វាមានសារៈសំខាន់សម្រាប់យើង»។
សម្តេចតេជោ ហ៊ុន សែន បានជំរុញបន្ថែមទៀតថា បើករណីម្ចាស់ភោជនីយដ្ឋាន និងសណ្ឋាគារ ទិញបន្លែ និងសត្វចិញ្ចឹម បែបធម្មជាតិពីប្រជាកសិករ ដោយរាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មការត្រួតណពិនិត្យ និងធ្វើការវាយតម្លៃដល់ភោជនីយដ្ឋាន និងសណ្ឋាគារទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ ដោយមិនបាននាំបន្លែ និងសត្វពីបរទេស ក្នុងការផ្គត់ផ្គង់ដល់ទេសចរ។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ត្រូវបង្កើតឲ្យមានចលនា ប្រឡងប្រណាំង ខ្សែក្រវ៉ាត់បៃតង គឺសំដៅទៅលើការដាំដុះបន្លែ និងការចិញ្ចឹមសត្វផងដែរ ដើម្បីផ្គត់ផ្គត់ ការហូបចុកដល់ទេសចរ នៅតាមតំបន់ទេសចរណ៍ល្បីៗ ព្រោះបច្ចុប្បន្នបន្លែ និងសាច់សត្វជាច្រើន ត្រូវបាននាំមកពីបរទេសនៅឡើយ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖