(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីកាំកុងត្រូលប្រចាំ នៅច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង បានត្រួតពិនិត្យ បន្លែនាំចូលពីប្រទេសវៀតណាម មានដូចជា ស្ពៃបូកគោ ផ្ទេសប្លោក ម្រះ និងបន្លែជាច្រើនមុខទៀត ។
ការពិនិត្យនេះ ដោយផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកុងត្រូល បានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេសឲ្យធ្វើការ ត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេសធ្វើការពង្រឹងនូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿឧបភោគបរិភោគទាំងអស់តាមច្រកទ្វារ ព្រំដែន ដើម្បីធានាសុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។
ក្រោយការពិនិត្យលើបន្លែទាំងនោះ គឺមិនបានប្រទះឃើញបន្លែដែលសល់យូរ ស្អុយរលួយនោះទេ ទន្ទឹមនឹងនោះមន្ត្រីកាំកុងត្រូលបាន យកបន្លែជាគំរូបន្លែទាំងនោះ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ខានកាំកុងត្រូល ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលខូចសុខភាព អ្នកទទួលទានជាបន្តទៀត ។
ជាមួយគ្នានោះដែរមន្រ្តីកាំកុងត្រូល ក៏បានណែនាំ ក៍ដូចជាអំពាវនាវ ដល់អាជីវករ ដែលនាំបន្លែ ផ្លែឈើក៍ដូចជាម្ហូបអាហារដែលនាំ ចូលតាមច្រកត្រពាំងផ្លុងនេះទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺ នាំចូលនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អ មិនប៉ះពាល់ដល់សុខមាលភាព អ្នកប្រើប្រាស់នោះឡើយ៕