(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា ក្នុងកត្តាសំខាន់ និងចម្បងជាច្រើន ដែលនាំឲ្យ មានកំណើនភ្ញៀវទេសចរនោះ គឺត្រូវពឹងផ្អែកមុនគេទៅលើការរក្សាសបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ពោលបើសង្គមមួយមិន មានសន្តិភាព និងស្ថេរភាពហើយ គ្មានអ្នកទេសចរណាទៅលេងកម្សាន្តឡើយ។ ជាពិសេសគ្មានអ្នកទេសចរណាទៅលេងប្រទេសមានសង្រ្គាមនោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទេសចរច្បាស់ជាមិនប្រថុយប្រថានមកតំបន់គ្រោះថ្នាក់ តំបន់មានសង្រ្គាមដូចកម្ពុជាជួបប្រទះពីអតីតកាល ក៏ដូចកំពុងកើតឡើងនៅតំបន់មជ្ឈិមបូព៌ា និងប្រទេសមួយចំនួនទៀតក្នុងទ្វីបអាហ្រ្វិកនោះទេ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «កត្តាសន្តិភាពកុំភ្លេចឥឡូវមាននរណាទៅធ្វើទេសចរណ៍នៅស៊ីរី អ្នកណាទៅធ្វើទេសចរណ៍នៅអ៉ីរ៉ាក់ និងលីប៊ី និយាយឲ្យពិត ឆ្លើយមក នរណាទៅធ្វើទេសចរណ៍នៅណុង? ហើយនរណាទៅធ្វើទេសចរណ៍នៅម៉ាលី ឬនៅសូម៉ាលី ឬ នៅស៊ូដង់ នរណាទៅអាហ្រ្វិកកណ្តាល? បើសូម្បីកងទ័ពយើង ក៏ប្រុងប្រយ័ត្នជើងការជាប់ជានិច្ចនៅទីនោះ។ យើងត្រូវទទួលខុសត្រូវលើបញ្ហានេះ ទើបទីក្រុងយើងទាក់ទាញបានភ្ញៀវទេសចរ»។
សម្តេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា តំបន់ប្រាសាទអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និង មានសក្តានុពលបំផុតរបស់កម្ពុជា មិនមែនទើបកើតមាននាពេលបច្ចុប្បន្ន ប៉ុន្តែហេតុអ្វីក្នុងទសវត្សរ៍ឆ្នាំ៧០ មិនមានភ្ញៀវទេសចមកលេងកម្សាន្ត? សម្តេចតេជោ ថា មូលហេតុចម្បង ដែលនាំឲ្យគ្មានទេសចរមកលេងកម្ពុជានាពេលនោះ ដោយសារតែភ្លើងសង្រ្គាម។
តាមសម្តេចតេជោ ហ៊ុន សែន បញ្ហាសន្តិភាព គឺជារឿង ដែលត្រូវតែប្រឹងប្រែងរក្សាឲ្យបាន ដើម្បីស្រូបទាញអ្នកទេសចរ និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាបាននូវសិទ្ធិរស់រានមានជីវិត។ សម្តេចប្រកាសប្រឆាំងដាច់ដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាពនៅ កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។
ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវបានគេប្រសិទ្ធនាមជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានថ្លែងបញ្ជាក់ដូច្នេះ «បញ្ហារក្សាសន្តិភាព ស្ថេរភាពនយោបាយ ប្រយុទ្ធប្រឆាំងមិនឲ្យមានភេរវកម្មនៅលើទឹកដីកម្ពុជា វាមានសារៈសំខាន់ខ្លាំងណាស់។ អ៊ីចឹងតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឲ្យបាន។ រឿងអ្វីផ្សេងទៀតនិយាយគ្នាក្រោយ តែនរណាបំផ្លាញសន្តិភាពហើយ អ្នកឯងត្រូវទទួលទណ្ឌកម្មពិតប្រាកដមួយ មិនអាចមើលរំលងបញ្ហានេះបានទេ»។
ឌាមដាមដល់ប្រទេសអាមេរិក ដែលតែងតែយកបញ្ហាគោរពសិទ្ធិមនុស្សមកធ្វើជាគំនាប និងទូន្មានដល់កម្ពុជានោះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចនិយាយពីសិទ្ធិមនុស្ស២-៣នាក់ មកបំផ្លាញប្រទេសជាតិទាំងមូលទេ។ សម្តេចថា សម្តេចទទួលស្គាល់សិទ្ធិ តែមិនមែនជាសិទ្ធិអាណាធិបតេយ្យនោះទេ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ «សិទ្ធិដែលអ្នកឯងសម្លាប់ប្រជាជនរាប់ម៉ឺន រាប់លាននាក់ តើអ្នកឯងស្គាល់សិទ្ធិទេ? កុំនិយាយពីសិទ្ធិ សិទ្ធិដូចសព្វថ្ងៃនេះ សិទ្ធិរស់រៀនមានជីវិត សិទ្ធិមានអ្វីៗ ដែលកំពុងធ្វើសព្វថ្ងៃ បានគេហៅថាសិទ្ធិ។ សិទ្ធិដោយអាណាធិបតេយ្យ ជាសិទ្ធិបំផ្លាញជាតិតែប៉ុណ្ណោះ។ យើងទទួលស្គាល់សិទ្ធិ ប៉ុន្តែមិនមែនជាសិទ្ធិអាណាធិបតេយ្យទេ គឺជាសិទ្ធិ នៃនីតិរដ្ឋត្រូវយល់គ្នាឲ្យច្បាស់លើរឿងនេះ។ សង្ឃឹមមិត្តភក្តិបរទេសយល់ឲ្យច្បាស់អំពីរឿងនេះ»។
ដើម្បីទាក់ទាញកំណើនទេសចរឲ្យកាន់តែមានសន្ទុះខ្លាំងឡើងថែមទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនទៀតដូចជា ត្រូវរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ សម្អាតសំរាម ផ្សព្វផ្សាយពីអនាម័យ, រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋានសាធារណៈ ផ្លូវថ្នល់ ផ្លូវលំឲ្យបានងាយស្រួល និងរៀបចំចំណតយានយន្តឲ្យបានត្រឹមត្រូវល្អ លើកតម្កើងរមណីយដ្ឋានដែលមានការអភិវឌ្ឍគិតគូរអំពីបរិស្ថាន និងមានទស្សនៈទានបៃតង។ ជាពិសេសត្រូវខិតខំដោះស្រាយផ្តល់នូវសេវាសាធារណៈបម្រើប្រជាជនដោយភាពស្មោះត្រង់ និងកក់ក្តៅ ព្រមទាំងចូលរួមបដិសណ្ឋារកិច្ចល្អ។
សម្តេចនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណា ឲ្យអ្នកទេសចរណ៍ ដែលមកលេងនៅកម្ពុជា ត្រូវតែចងចាំនូវអនុស្សាវរីយ៍ល្អៗ ហើយចង់មកលេងជាថ្មីទៀត។ ពោលធ្វើយ៉ាងណាកុំឲ្យអ្នកទេសចរមកលេងហើយ លែងចង់មកលេងជាថ្មី ព្រោះតែចំណុចអសកម្មមួយចំនួននោះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជា សម្រេចបានកំណើនទេសចរក្នុងអត្រា៥% ជាមួយការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ តាមការព្យាករណ៍នៅឆ្នាំ២០១៧ នេះ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ នឹងមានប្រមាណ ៥លាន ៤សែននាក់ ហើយរំពឹងថានៅឆ្នាំ២០២០ ការមកដល់ នៃទេសចរអន្តរជាតិអាចកើនឡើងដល់ ៧លាននាក់ និងនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់៕