(ភ្នំពេញ)៖ តុលាការកំពូល បានសម្រេចពន្យារពេលជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ របស់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ព្រោះកំហុសបច្ចេកទេស។
តាមការគ្រោងទុក តុលាការកំពូល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នឹងជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់ពួកគេ។ ប៉ុន្តែសវនាការនេះ ត្រូវលើកពេលទៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយសារកំហុសបច្ចេកទេស ។
មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំងប្រាំរូបរបស់ជនជាប់ចោទ គឺ លោក សំ សុគង់ បានឲ្យដឹងថា មូលហេតុ ដែលសវនាការ ត្រូវបានលុបចោល គឺដោយសារតែមន្ត្រីផ្នែករដ្ឋបាលនៃតុលាការកំពូល មិនបានបញ្ជូលដីកាកោះទៅកាន់ពន្ធនាគារ។ លោកអះអាងថា ក្រុមមេធាវី បានទទួលដីកាកោះ ប៉ុន្តែមន្ត្រីពន្ធនាគារ មិនបានទទួលនោះទេ ដោយមន្ត្រីផ្នែករដ្ឋបាលនៃតុលាការកំពូល ច្រឡំយកដីកាកោះឲ្យក្រុមគ្រួសារនៃជនត្រូវចោទទៅវិញ។
លោកមេធាវីរូបនេះ យល់ថា ការពន្យារពេលជំនុំជម្រះ គឺបណ្តាលឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់លោក។
គួររំលឹកថា ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផងដែរ ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។
ពួកគេទាំងអស់ ត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕