(ភ្នំពេញ)៖ ថ្លែងនៅក្នុងទិវាជាតិ ទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» និងប្រគល់រង្វាន់ជ័យលាភី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង និងខណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឲ្យបង្កើត ចំណតរថយន្តឲ្យបានត្រឹមត្រូវ នៅក្នុងទីក្រុង និងច្បាប់ស្តីពីសណ្តាប់ធ្នាប់ទីក្រុងដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យសាលារាជធានី គិតពីការពង្រីកខ្សែរថយន្តក្រុងបន្ថែមផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមឃាត់ផងដែរ បើទោះបីឲ្យបង្កើតចំណតរថយន្តថ្មី តែមិនឲ្យដោះដូរជាមួយចំណត រថយន្តចាស់នោះទេ។សម្តេចតេជោ បានប្រកាសហាមផ្តាច់ចំពោះការដោះដូរចំណតរថយន្ត ព្រោះជារឿងធ្វើឲ្យសម្តេច ឈឺក្បាលខ្លាំង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើឲ្យសិក្សាស្វែងយល់ពីចំណតរថយន្តឲ្យបានត្រឹមត្រូវ និងល្អប្រសើរ ហើយស្នើឲ្យសិក្សារៀបចំច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលជាផ្នែកមួយជួយដល់សណ្តាប់ធ្នាប់ទីក្រុងស្អាត និងកាត់បន្ថយការ កកស្ទះចរាចរណ៍ក្នុងទីក្រុង។ ខ្ញុំសូមស្នើឲ្យគ្រប់ក្រុងថ្មីៗពិសេស ក្រុងរណបត្រូវបញ្ចូលនូវទស្សនទាន ឲ្យមានការគិតគូរលើបរិស្ថាន។ ចំពោះមុខ សាលារាជធានីភ្នំពេញ ត្រូវខិតខំពង្រីកផ្លូវថ្មើជើង និងខ្សែភ្លូវដឹកជញ្ចូនសាធារណៈរថយន្តក្រុងឲ្យកាន់តែទូលំទូលាយ និងបានកាន់តែឆ្ងាយ ដើម្បីទុកទីតាំងឲ្យទូលាយ ដើម្បីជាកន្លែងឲ្យទេសចរណ៍បានទៅទស្សនា។

សម្តេចបានបន្តយ៉ាងដូច្នេះទៀតថា៖ «ប៉ុន្តែអ្វីដែលខ្ញុំសូមបញ្ជាក់មុនគេ កុំលឺនាយករដ្ឋមន្រ្តីដាក់ទស្សនទាននេះ បែរជានាំគ្នាដោះដូរចំណតរថយន្តចាស់ ទៅបង្កើត ចំណតរថយន្តថ្មី អាហ្នឹងជារឿងជំងឺដែលខ្ញុំបានដោះរួចហើយ នៅសេរីសោភណ្ឌ១ និងនៅខេត្តកំពង់ស្ពឺ។ ដូរអាចំណតរថយន្តដែលគេកំពុង តែរកស៊ី ដូរទៅក្រៅ បើចង់ទៅក្រុង ទៅធ្វើខ្លួនឯង ហើយទៅធ្វើថ្មីទៅ គេចតអានេះណែនពេកកុំដូរទៅខាងក្រៅ វារលាកចាំណា អស់លោក កុំធ្វើចឹង ចំណតណាដែលគេធ្លាប់ចតត្រូវថែរក្សាចំណតហ្នឹងឲ្យមានការរីកលូតលាស់»

ជាការកត់សំគាល់ ករណីនេះកន្លងមកមានការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន លើចំណតរថយន្តនេះ ហើយក៏ធ្លាប់មានការស្នើសុំ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឲ្យមានការអន្តរាគមន៍ផងដែរ។ យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការបង្កើតចំណតរថយន្ត លើកនេះអាចធ្វើឲ្យទីក្រុងនៅទូទាំងប្រទេស មានសណ្តាប់ធ្នាប់ល្អជាងមុន និងអាចបញ្ចៀសបានការកក់ស្ទះចរាចរណ៍៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖