(ម៉ានីល)៖ ពិតបា្រកដ ១០០% ហើយ ស្តេចប្រដាល់លំដាប់លេខ២ ពិភពលោក Manny Pacquiao បានព្រមព្រៀងឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យម WBO នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ដោយប៉ះជើងខ្លាំងវ័យក្មេងត្រឹមតែ ៣០ឆ្នាំ Amir Khan ជនជាតិអង់គ្លេស។
នេះជាលើកទី១ ប្រវត្តិសាស្រ្តហើយសម្រាប់ខ្លាកំណាចទាំងពីរជួបគ្នានៅទឹកដីកណ្តាលនៅលើសង្វៀនស្ថិតក្នុងទីក្រុង អ្នកមាន ឌូប៉ៃ នៃប្រទេសអារ៉ាប់រួម ខណៈដែលតម្លៃខ្លួនមិនត្រូវបានសារព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេសបញ្ជាក់ឲ្យដឹងឡើយ។
Khan ដែលមានកម្ពស់ ១.៧៤ម៉ែត្រ គឺជាកីឡាករប្រដាល់សកលទី២ របស់អង់គ្លេសដែលបុរសវ័យ៣៨ឆ្នាំ Pacquiao ត្រៀមឡើងវាយ និងការពារខ្សែក្រវាត់ WBO ដែលខ្លួនបានឈ្នះពី Jessie Vargas កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ដោយពិន្ទុផងដែរនៅទឹកដីអាមេរិកនោះ ខណៈដែលកីឡាករអង់គ្លេស Ricky Hatton ត្រូវបានសន្លប់ក្រោមថ្វីដៃរបស់ Pacquiao ត្រឹមវគ្គទី២ កាលពីខែឧសភា ឆ្នាំ២០០៩។
ការឡើងវាយទល់នឹង Amir Khan ជាការប្រកួតលើកទី៦៨ របស់បុរសសមាជិកសភាហ្វីលីពីននាពេលបច្ចុប្បន្នដែល ធ្លាប់បានប្រកាសចូលនិវត្តន៍ពីវិស័យឈឺសាច់នេះម្តងរួចមកហើយកាលពីខែមេសា ឆ្នាំ២០១៦ កន្លងទៅជាមួយនឹងជ័យ រហូតដល់ទៅ៥៩ដង ស្មើ២ដង និងចាញ់៦ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន៣៨ដង តែ Amir Khan វិញធ្លាប់ ប្រកួតទើបតែបាន ៣៥ដង ឈ្នះ៣១ដង មិនដែលស្មើ់ និងចាញ់៤ដង ធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ១៩ដងនាពេលកន្លងមក៕