(ព្រះវិហា)៖ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងក្រមសីលធម៏ វិជ្ជាជីវៈសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រោះវាជាកាត្វកិច្ចរបស់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់។​

ការថ្លែងបែបនេះរបស់លោកស្រី ចឹក ហេង ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិតី នៅក្នុងពិធីសិក្ខាសាលាស្តីពីការពិនិត្យ សមិទ្ធិផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

លោកស្រី ចឹក ហេង បានថ្លែងយ៉ាងដូច្នោះថា «មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងក្រមសីលធម៏វិជ្ជាជីវៈ សុខាភិបាលដែលជា កាត្វកិច្ច របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់​ប្រសិន បើមន្ត្រីសុខាភិបាលទាំងអស់ មិនគោរពមនសិការវិជ្ជាជីវៈឲ្យបាន ម៉ឺងម៉ាត់នោះ​ទេ វានិងធ្វើឲ្យប្រជាជនបាត់ទំនុកទុកចិត្តមកលើប្រពន្ធ័សុខាភិបាលរបស់យើង​ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់គោល នយោបាយ និងយុទ្ធសាស្ត្ររួមរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គម»។

លោកស្រីបានបន្ថែមថា «គុណភាពវិសយ័សុខាភិបាល ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតំកល់ទុក សុខភាពប្រជាជន គឺជាកត្តាដ៏ចំបងសម្រាប់ការអភិវឌ្ឍន៍ ធនធានមនុស្ស​ វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ដូច្នេះត្រូវទាមទាឲ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវប្រកាន់ ខ្ជាប់ក្រមសីលធម៍​វិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវដើម្បីផ្តល់ ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»

ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិត គួង​ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ការដាក់ទិសដៅសំរាប់ អនុវត្តន៍នៅឆ្នាំ២០១៧នេះរួមមាន៖ ពង្រឹងលើការគ្រប់គ្រងមូលដ្ឋានសុខាភិបាល ដើម្បីផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព​ កាត់បន្ថយអត្រាឈឺ និងស្លាប់របស់ម្តាយ​ កុមារនិងទារកតាមរយៈ ការបង្កើន ការសំរាលកូនដោយបុគ្គលិកជំនាញ​ ពង្រឹងយុទ្ធសាស្ត្រ សមាហរណកម្ម ទទួលបន្ទុកព្យាបាលជំងឺកុមារ នៅគ្រប់មូលដ្ឋានសុខាភិបាល។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា កាត់បន្ថយអត្រាឈឺ និងស្លាប់ជម្ងឺឆ្លងតាមរយៈ ការចែកចាយមុងជ្រលក់ថ្នាំ បង្កើនការស្រាវជ្រាវ រកជម្ងឺរបេងថ្មីៗ និងបង្កើនការអប់រំសុខភាពតាមសហគមន៏ពង្រឹងលើការ គ្រប់គ្រងសេវាឯកជន​ ពង្រឹងលើក្រមសីលធម៏វិជ្ជាជីវៈ នុងឥរិយាបទក្នុងការផ្តល់សេវា​ ពង្រឹងគុណភាពសេវានៅតាមគ្រប់គ្រឹស្ថានសុខាភិបាល៕